ឯកឧត្ដម ចម ប្រសិទ្ធ យល់ឃើញថា ការផលិតទឹកស្អាតត្រូវតែមានច្បាប់គ្រប់គ្រងត្រឹមត្រូវមួយ

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត របស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងរៀបចំធ្វើរយៈពេលពីរព្រឹក គឺព្រឹកថ្ងៃទី ២ និងទី៣ ខែកញ្ញា ឆ្នាំ ២០២១នេះ ។ ប៉ុន្តែត្រូវបានបញ្ចប់ត្រឹមតែមួយព្រឹកថ្ងៃទី២ ខែកញ្ញា ប៉ុណ្ណោះ តាមរយៈកិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ដែលមាន ១៥ជំពូក និង៩១មាត្រា ក្រោមសហប្រធានដឹកនាំអង្គប្រជុំ ដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ខូយ ឃុនហួរ រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី ។

មានប្រសាសន៍បើកនិងបិទកិច្ចប្រជុំ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងឯកឧត្តមរដ្ឋលេខាធិការ ខូយ ឃុនហួរ ជាសហប្រធានអង្គប្រជុំ បានបញ្ជាក់ថា មុននឹងឈានដល់ដំណាក់កាលនេះ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលបានព្រាងឡើងតាំងពីឆ្នាំ២០១៦មក បានឆ្លងកាត់ការពិភាក្សាកំរិតជំនាញ កិច្ចប្រជុំតូច ធំ និងសិក្ខាសាលាជាច្រើនលើកច្រើនសារ ដែលយើងកត់សំគាល់ថា មានលក្ខណៈស្ទើរគ្រប់ជ្រង់ជ្រោយទៅហើយ ទើបពេលនេះយើងអាចពិនិត្យ និងពិភាក្សាក្នុងក្របខ័ណ្ឌអន្តរក្រសួង បានឆាប់រហ័សមុនកាលកំណត់ ។

ឯកឧត្តមសហប្រធាន បានថ្លែងអំណរគុណចំពោះមន្ត្រីជំនាញអន្តរក្រសួង ក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មការសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលបានប្រឹងប្រែងពិភាក្សាកែលំអរ និងផ្តល់ធាតុចូលជាច្រើន ដែលធ្វើឲ្យច្បាប់នេះ មានលក្ខណៈកាន់តែសុក្រឹតគ្រប់ជ្រុងជ្រោយ ដែលយើងនឹងអាចដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រី អនុម័តនាពេលឆាប់ៗខាងមុខនេះ ។

ក្នុងនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានលើកឡើងផងដែរពីសារៈសំខាន់នៃច្បាប់នេះ ដែលឯកឧត្តមផ្ទាល់មានការគិតគូតាំងពីចុងឆ្នាំ២០១៣ មកម្លេះ ពីព្រោះឯកឧត្តមយល់ថា ការផលិតទឹកស្អាត ត្រូវតែមានច្បាប់គ្រប់គ្រងត្រឹមត្រូវមួយ បើមិនដូច្នេះទេ យើងមិនអាចសម្រេចបាន តាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ដែលកំណត់យក ឆ្នាំ២០២៥ តំបន់ទីប្រជុំជននឹងមានទឹកស្អាតប្រើប្រាស់១០០% និងឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នា នោះទេ ។

ម៉្យាងច្បាប់នេះ ជាច្បាប់ដែលបម្រើផលប្រយោជន៍ ប្រជា-ជន និងសេដ្ឋកិច្ចទាំងមូល ដែលឯកឧត្តមមានការរីករាយ ដោយបន្ទាប់ពីច្បាប់នេះចេញហើយ ស្ថាប័នពាក់ព័ន្ធទាំងអស់ មិនត្រឹមតែអនុវត្តមិនមានការជាន់សមត្ថកិច្ចគ្នាទេ តែបានក្លាយទៅជាដៃគូសហការនិងបែងចែកភារកិច្ចគ្នាធ្វើ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនម្ចាស់ឆ្នោត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner