សហរដ្ឋអាមេរិកប្រកាសភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ ដោយសារព្រួយបារម្ភការរីករាលដាលខ្លាំងនៃវីរុសកូរ៉ូណា
សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្ន ផ្នែកសុខាភិបាលសាធារណៈ ជាមួយការដាក់ចេញនូវបម្រាមជាបណ្ដោះអាសន្ន ដោយនឹងហាមឃាត់ជនបរទេសទាំងឡាយណា ដែលធ្លាប់ធ្វើដំណើរទៅកាន់ចិន ក្នុងរយៈពេល០២សប្ដាហ៍ចុងក្រោយនេះចូលមកសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡេច អាហ្សា បាននិយាយថា វិធានការរឹតត្បិតនេះ ក៏នឹងត្រូវអនុវត្តផងដែរលើពលរដ្ឋអាមេរិក ដែលត្រឡប់មកពីទីក្រុងអ៊ូហាន ដោយពួកគេនឹងត្រូវដាក់នៅក្រោមការត្រួតពិនិត្យដាច់ឆ្ងាយពីគេរយៈពេល១៤ថ្ងៃ ។ លោកបន្ថែមទៀតថា រីឯពលរដ្ឋអាមេរិកដទៃទៀតដែលត្រឡប់មកពីតាមផ្នែកផ្សេងទៀតរបស់ប្រទេសចិន ក៏នឹងត្រូវបានត្រួតពិនិត្យសុខភាពនៅតាមអាកាសយានដ្ឋាន ឬច្រកចូលនានាមកកាន់សហរដ្ឋអាមេរិក មុននឹងតម្រូវឱ្យពួកគេស្ថិតនៅក្នុងផ្ទះមួយរយៈ ។

ជាងនេះទៅទៀតនោះ ក្រមហ៊ុនអាកាសចរណ៍ American Airlines និង Delta ក៏បាននឹងកំពុងផ្អាកជើងហោះហើរទាំងទៅ និងមកពីប្រទេសចិនទាំងអស់ផងដែរ ដោយសារការរីករាលដាលវីរ៉ុសកូរ៉ូណា នៅក្នុងទីក្រុងអ៊ីហាន ៕ធ.ដ

