តាលីបង់ប្រកាសរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីជាផ្លូវការ ក្នុងនោះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្ថិតក្នុងបញ្ជីទណ្ឌកម្មអាមេរិក
កាប៊ុល៖ ក្រុមតាលីបង់បានដកខ្លួនចេញពីប្រព័ន្ធគ្រប់គ្រងជាន់ខ្ពស់របស់ខ្លួន ដើម្បីបំពេញមុខតំណែងកំពូលនៅក្នុងរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ រួមទាំងសហការីម្នាក់នៃស្ថាបនិកចលនាសកម្មប្រយុទ្ធអ៊ីស្លាមជានាយករដ្ឋមន្រ្តី និង មនុស្សម្នាក់ទៀតដែលស្ថិតនៅក្នុងបញ្ជីភេរវកម្មអាមេរិក ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មួយថ្ងៃបន្ទាប់ពីដណ្តើមបានជ្រលងភ្នំ ផាន់សៀរ និងបានប្រកាសកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានទាំងមូល ក្រុមតាលីបង់បានប្រកាសពីមុខតំណែងសំខាន់ៗសម្រាប់រដ្ឋាភិបាលថ្មីរបស់ប្រទេសមួយនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុល អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលថ្មីនឹងត្រូវដឹកនាំដោយលោក Mohamad Hasan Akhunzada ដែលនឹងក្លាយជានាយករដ្ឋមន្ត្រី។
លោក Mullah Baradar ដែលជាសហស្ថាបនិកក្រុមតាលីបង់ និងជាប្រធានផ្នែកនយោបាយរបស់ក្រុមនេះ តែងតាំងជាឧបនាយករដ្ឋមន្ត្រី។ លោក Sirajuddin Haqqani ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohammad Yaqoob ជារដ្ឋមន្ត្រីការពារជាតិ លោក Amir Khan Muttaqi ជារដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Abdul Hakim ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈដែលលោក Khairullah Khairkhwa ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌៕ ប្រភព៖ CNA


