កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្រប​សម្រួល ដើម្បីសុវត្ថិភាពពលករ និងសហគមន៍

គណៈកម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ និងអង្គការ ការីតាសស្វីស បានបើកកិច្ចប្រជុំ ពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ដើម្បីរកភាពខ្លាំង នៅក្នុងការផ្តល់សេវាកម្មឬការឆ្លើយតបទៅ នឹងតម្រូវការរបស់ជនងាយរងគ្រោះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ របស់សាលាខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប រួមជា មួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

លោកជំទាវ យូ សុភា បានមានប្រសាសន៍ថា ចាប់តាំងពីមានការឆ្លងរាលដាលមេរោគកូវីដ១៩ រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានពលករចំណាកស្រុកប្រមាណជាង៣ម៉ឺននាក់ បានវិលត្រលប់មកកាន់ភូមិដ្ឋានរបស់ពួកគាត់ នៅក្នុងខេត្តសៀមរាប ។ ក្រៅពីពលករទាំងនេះ ខេត្តសៀមរាប ក៏បានក្លាយជាខ្សែត្រៀមទី២ ក្នុងការទទួលយកពលករ ពីខេត្តឧត្តរមានជ័យ ដើម្បីព្យាបាលនិងធ្វើចត្តាឡីស័កផងដែរ ។ លោកជំទាវបានបន្តថា បើគិតមកដល់ថ្ងៃទី០៨ ខែកញ្ញា ២០២១ មានពលករប្រមាណជាង៥ពាន់នាក់ ដែលបញ្ជូនមកពីខេត្តឧត្តរមានជ័យ ។ លោកជំទាវ បានលើកឡើងថា “នៅខេត្តឧត្តរមានជ័យកន្លែងគាត់តូច ខេត្តតូច ធ្វើឲ្យពលករគាត់សម្រុកចេញតាមច្រកអូរស្មាច់ក៏ដូចជាច្រកជាំសាង៉ាំ ខេត្តឧត្តរមានជ័យ ធ្វើឲ្យជួបបញ្ហាអត់កន្លែងដាក់ ទើបបញ្ជូនមកកាន់ខេត្តសៀមរាប ដែលជាបន្ទុកខេត្តសៀមរាប ទទួលពលករ ដូចខេត្តជាប់ព្រំដែនផងដែរ”  ។  យោងតាមលោកជំទាវ អភិបាលរងខេត្តសៀមរាប ពីកិច្ចការទទួលពលករដែលវិលត្រលប់ មកវិញនេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់គិតគូរអំពីការប្រកបរបររបស់បងប្អូនទាំងនោះ បន្ទាប់ពីគាត់មករស់នៅក្នុង ស្រុកភូមិរបស់ពួកគាត់វិញផងដែរ ។ ដូច្នេះកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ ក៏ក្លាយជាការស្វែងរកធាតុផ្សំចូលមួយឲ្យចំគោលដៅដែលបងប្អូនពលករចង់បាន ។ 

 លោកជំទាវ ជូ ប៊ុនអេង បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលខេត្ត សៀមរាប ដែលបានយកចិត្តទុកដាក់  ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាការគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលត្រលប់ពីក្រៅប្រទេស ។ ជាមួយគ្នានេះដែរលោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បាន ជំរុញឲ្យសមាជិកនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវស្វែងរកចំណុចសំខាន់ ដើម្បីពន្យល់ឲ្យបងប្អូនពលករផ្លាស់ប្តូរផ្នត់គំនិត ដែលតែងតែចង់ធ្វើការនៅក្រៅប្រទេសរហូតមករស់ប្រទេសដើមខ្លួនឯងលែងកើត ។ លោកជំទាវ លើកឡើងថា រឿងពលករ ចំណាកស្រុកនេះ ជារឿងធំដែលយើងត្រូវយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់ ៕​ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner