យោធិនពិការ និងគ្រួសារយោធិនពលី កងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវបានផ្ទេចេញពីក្របខណ្ឌក្រសួងការពារជាតិ ចំនួន ៩៤នាក់ បានទទួលប្រាក់គោលនយោបាយ១ លើកដំបូង
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកប្រាក់ គោលនយោបាយ១លើកដំបូង ជូនគ្រួសារយោធិនពលី និងយោធិនពិការ អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវបានផ្ទេចេញពីក្របខណ្ឌក្រសួងការពារជាតិ ចំនួន ៩៤នាក់ ។ ក្នុងនោះយោធិនពិការចំនួន ៦២នាក់ និងយោធិនពលីចំនួន ៣២នាក់ ។
ពិធីនេះបានធ្វើឡើងកាលពីថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំកងពលធំអន្តរាគមន៍លេខ៣ ក្រោមកិច្ចទទួលស្វាគមន៍ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ឹម ហាប់ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ។
លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានថ្លែងពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាម អនុក្រឹត្យលេខ០៨ និងសារាចរណែនាំ អន្តរក្រសួង លេខ០០១ ស្ដីពីរបបគោលនយោបាយ ចំពោះយោធិនពលី មរណៈ និងយោធិនពិការ ។
លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកអំពីវីរៈភាព របស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ ខ្លះត្រូវបានពលី និងខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ ហើយត្រូវទទួលបាន បើកប្រាក់គោលនយោបាយ នាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ហើយបងប្អូន ត្រូវផ្ទេរជីវភាពបើកបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រហូតអស់មួយជីវិត។
លោកឧត្តមសេនីយ៍ឯក សង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន នឹងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រេីន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗដើម្បីបន្តវេនរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេស ៕