សមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោ គឺពហុកីឡដ្ឋាន ជាតិមរតកតេជោ ត្រូវបានប្រគល់មកឱ្យ កម្ពុជាជាផ្លូវការ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី
ភ្នំពេញ៖ សមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោ គឺពហុកីឡដ្ឋានជាតិមរតតេជោ ដែលជាជំនួយហិរញ្ញប្បទានឥត សំណងរបស់ភាគីចិន មានតម្លៃប្រមាណ ១៦០លាន បានប្រារព្ធពិធីប្រគល់-ទទួលក្រោមអធិបតីភាព សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋការ បរទេស នៃសាធារណៈប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។
ឯកឧត្តម វ៉ាង យី (Wang Yi) បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ប្រមុខការទូតចិន បានបន្តថា ប្រជាជន និងកីឡាករកម្ពុជា អាចហាត់ប្រាណហាត់កីឡា កាន់តែ ច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ។ ឯកឧត្តម វ៉ាង យី បានបន្ថែមថា៖ ចិន និងកម្ពុជា និងបោះជំហានទៅជាមួយគ្នា ជានិច្ច ហើយចិន ប្ដេជ្ញាជួយកម្ពុជា ឱ្យមានរីកចម្រើនជាបន្តបន្ទាប់ ។
មានប្រសាសនក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយពីទទួលបានសមិទ្ធផលថ្មីដ៏ធំនេះ ក៏ដូចជាជំនួយជាបន្តបន្ទាប់ពីប្រទេសចិន រួមទាំងជំនួយ និងការជួយសម្រសម្រួលក្នុងការទិញ និងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវិដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា ថា នេះមិនមែនជាការលេងសើចទេនៅពេលនិយាយថា៖ បើមិនឱ្យខ្ញុំ ពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិត្តភាពដែកថែមរបស់ កម្ពុជា និង ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការលួងលោម និងការលើក ឡើងរបស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់ មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិត្តភាពដែកថែបកម្ពុជាចិន គឺមានន័យថា មិត្តដែលទុកចិត្តគ្នា គ្មានពេលណា រង្គោះរង្គើរ វាងភាគីទាំង២នោះទេ ទោះបីត្រូវទទួលសំពាធពីអ្នកណាក៏ដោយ ដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនង ក្នុងក្រប ខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះ សាធារណរដ្ឋប្រជាមានិតចិន ដោយសារតែចិនជាប្រទេសធំ តែមិនដែលប្រកាន់ទំនាក់ទំនងជាមួយប្រទេសតូច។
សម្តេចថា កាលពីមុនខ្ញុំ ធ្វើការជាមួយមេដឹកនាំចិន ដែលមានអាយុច្រើនជាងខ្ញុំ តែឥឡូវខ្ញុំមានអាយុច្រើនជាងមេដឹកនាំ ចិនទៅវិញ។ ចិនជាប្រទេសធំ ហើយបើទោះបីគាត់ជាមនុស្សចាស់ជាងយើង ប៉ុន្តែការគោរពគ្នា គឺច្បាស់លាស់។ អត់មើលឃើញថា យើងជាប្រទេសតូច ប្រទេសក្រីក្រ ឬក៏ក្មេងជំនាន់ក្រោយនោះទេ។ នេះជាឥរិយាបទ ដែលខ្ញុំសូម វាយតម្លៃខ្ពស់ និងសម្តែងនូវការគោរព ។
ប្រមុខដឹកនាំកំពូលកម្ពុជា បានថ្លែងទៀតថា ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ត្រូវបានកសាងដោយសម្តេចឪ និងមេដឹកនាំ ចិនជំនាន់មុន ហើយបន្តដោយអ្នកបន្តវេនជំនាន់នេះ។ សម្តេចតេជោ ថ្លែងអំណរគុណដល់ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិន ដែលតាំងគាំទ្រដល់គម្រោងអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ សម្តេចចាត់ទុកថា ការទទួល នូវពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះ គឺគ្រាន់តែជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលផ្តល់ដោយប្រធានាធិបតីចិន ស៊ី ជិនពីង តែប៉ុណ្ណោះ ។ សមិទ្ធដែលកម្ពុជាទទួលបាននាពេលនេះ គឺមិនមែនជាការ ចៃដន្យនោះទេ ដែលបានកើតឡើងនូវសមិទ្ធផលពហុកីឡដ្ឋានមរតកតេជោ នាពេលនេះ សម្រាប់សមិទ្ធផលនេះ គ្មាន អ្នកណា និងសូម្បីតែសម្តេចផ្ទាល់ក៏មិនដែលនឹកស្មានថា មានសមិទ្ធផលបែបនេះនោះទេ ។ ក្រោមជំនួយឥតសំណង របស់ចិន យើងមានឱកាសថ្ងៃនេះ គ្រាន់តែជាពិធី ដើម្បីប្រគល់និងទទួលតែប៉ុណ្ណោះ ប៉ុន្តែយើងត្រូវធ្វើពិធីសម្ពោធមួយ ទៀត ដោយសង្ឃឹមថា មានថ្នាក់នាំជាន់ខ្ពស់របស់ចិន មកចូលរួម ដើម្បីអបអរសាទរនូវសមិទ្ធផលដែលចេញមកពីការ ខិតខំប្រឹងប្រែង និងផ្លែផ្កានៃចំណងមិត្តភាពរវាងកម្ពុជា-ចិន ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកព្រះគុណ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានកសាង ទំនាក់ទំនងជាមួយនឹងសាធារណៈរដ្ឋប្រជាមានិតចិន តាំងពីជំនួបដំបូងរវាងព្រះករុណា ព្រះមហាក្សត្រ ដែលពេលនោះ ព្រះអង្គដឹកនាំប្រទេសកម្ពុជា ជាមួយនិងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេងឡាយ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ដែលចំណុចនោះវាជាការចាប់ផ្តើមនាំមកនូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន។ សម្តេច បន្ថែមថា សម្រាប់ទំនាក់ទំនង កម្ពុជា-ចិននាពេលនេះ មិនមែនជាការចៃដន្យ កើតឡើងនោះទេ ប៉ុន្តែ មានការត្រួសត្រាយផ្លូវពីព្រះករុណា «ព្រះបរម រតនកោដ្ឋ» របស់យើង ជាមួយមេដឹកនាំជំនាន់ដើមរបស់ចិន កម្ពុជាបានទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន តាំងពីប្រទេសចិនមិនទាន់ចូលជាសមាជិករបស់អង្គការសហប្រជាជាតិមកម្ល៉េះ នេះជាចំណុចដែលត្រូវចងចាំ ។
សម្តេចតេជោ បានបន្តថា បន្ទាប់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់ខិតខំផ្សារភ្ជាប់ទំនាក់ទំនង ដ៏ល្អរវាងកម្ពុជា និងចិន គឺព្រះរាជបុត្ររបស់ទ្រង់ដែលកំពុងគ្រងរាជ្យសម្បត្តិសព្វថ្ងៃ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏ដូចកូនចៅរបស់ព្រះអង្គ រួមមានទាំងសម្តេចផ្ទាល់ផងដែរ ដែលបន្តអនុវត្តនយោបាយចិន មួយ និងបន្តការគ្រប់គ្រងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន បន្ថែមទៀត។ សម្តេច បញ្ជាក់ថា បន្តិចម្តងៗ កម្ពុជា-ចិន បានក្លាយជាមិត្តដែលមានការជឿទុកចិត្ត យើងក្លាយទៅជាមិត្តក្នុងក្របខ័ណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ទាប់ ទៅប្រធានាធិបតី ស៊ី ជិនពីង ផ្ទាល់បានហៅថា នេះជាមិត្តភាពដែកថែប។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកឱកាសនេះប្រកាសថា សម្ដេចនឹងថវិកាចំនួន ១លានដុល្លារអាមេរិក ដែលទទួល បានជាមួយមេដាយមាសសន្តិភាពពិភពលោក (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមកាលពីព្រឹកថ្ងៃទី ១២កញ្ញានោះ យកទៅកសាងផ្ទះជូនអតីតយុទ្ធជនទាំងអស់តែម្ដង ។ សម្តេច ថា ថវិកា ១លានដុល្លារនេះ ប្រសិនបើ យកទៅធ្វើផ្ទះជូនអតីតយុទ្ធជនក៏បានច្រើនដែរ ខណៈផ្ទះមួយ ចំណាយអស់ប្រមាណ ៤ពាន់ដុល្លារ ព្រោះខ្ញុំជាប្រធាន សមាគមអតីតយុទ្ធជន។ ជាមួយគ្នានោះ សម្ដេចក៏បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន កសាងផ្ទះជូនអតីតយុទ្ធជនច្រើនណាស់ដែរ ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការតស៊ូរបស់យុទ្ធជន និងអតីតយុទ្ធជនទាំងឡាយផងដែរ ដែលបានចូលរួមរំដោះប្រជាជនកម្ពុជា ស្រោចស្រង់ប្រទេសកម្ពុជាពីភ្លើងសង្គ្រាម ពីភាពអស្ថិរភាព រហូតក្រសោបបាននូវសុខសន្តិភាពយកមកជូនប្រទេស និងប្រជាជនកម្ពុជាមកទល់សព្វថ្ងៃ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅលើពិភពលោក គឺមានតែកម្ពុជាមួយគត់ដែលមានវ៉ាក់សាំងស្រោចក្នុងរាជធានី ខណៈដែលក្រុងប៉េកាំង ក៏មិនទាន់មានការចាក់វ៉ាក់សាំងស្រោច ដូចកម្ពុជានោះដែរ។ សម្ដេចថា ប្រសិនបើឥឡូវនេះ ចិនមិនជួយក្នុងការផ្តល់និងផ្គត់ផ្គង់វ៉ាក់សំាង តើពេលនេះពលរដ្ឋកម្ពុជាទាំងអស់បានចាក់វ៉ាក់សាំង ហើយឬនៅ? សម្តេចបញ្ជាក់ថា ពេលនេះកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយក្នុងពេលនេះ មានក្រុមគ្រូពេទ្យជួរមុខ កីឡាករ និងអ្នកសារព័ត៌មាន បានទទួលការចាក់ ដូសទី៣ហើយដែរ។ សម្តេចបន្ថែមថា កម្ពុជា មិនដែលទាត់ចោលជំនួយរបស់អ្នកណាទាំងអស់ ហើយកម្ពុជា ក៏មិនដែលប្រាប់ថាយកអ្នកណាធ្វើជាសត្រូវនោះដែរ ប៉ុន្តែបញ្ហា វាស្ថិតនៅត្រង់អត់មានអ្នកណាជួយ។ សម្តេចសង្កត់ធ្ងន់ថា បើ គ្មានចិនជួយផ្តល់ ជួយផ្គត់ផ្គង់វ៉ាក់សាំងជាច្រើន ដល់កម្ពុជានោះទេ មកដល់ពេលនេះ ច្រើនណាស់កម្ពុជា អាចចាក់បានតែ២លាន នាក់ប៉ុណ្ណោះ ។
សូមជម្រាបថា វិមានកីឡាដ្ឋានដែលជាជំនួយរបស់ប្រទេសចិននេះ ចំណាយថវិកាសាងសង់ប្រមាណ ១៦០លានដុល្លារ អាមេរិក ដោយបានបើកការដ្ឋាសាងសង់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ចំណាយពេលសាងសង់ជាង ៤ឆ្នាំ ៕ ដោយ វណ្ណលុក























