ប្រធានាធិបតីអេក្វាឌ័រថ្មី សម្រេចគោលដៅចាក់វ៉ាក់សាំងរយៈពេល ១០០ ថ្ងៃដំបូងនៃការដឹកនាំរបស់ខ្លួនតាមការសន្យា ខណៈប្រឈមនឹងបញ្ហាសេដ្ខកិច្ច
នៅពេលប្រធានាធិបតីអេក្វាឌ័រថ្មីលោក Guillermo Lasso ប្តេជ្ញាធានាថា ១០០ ថ្ងៃដំបូងក្នុងដំណែងរបស់ខ្លួន យុទ្ធនាការវ៉ាក់សាំងត្រូវតែសម្រេចបានលើប្រជាជនពាក់កណ្តាលនៃប្រទេស ៩ លាននាក់ វាស្តាប់មើលទៅដូចជាការសន្យាខ្យល់ដែលមិនអាចទៅរួច។

ថ្ងៃដែលលោកចូលកាន់ទី ២៤ ខែឧសភា ក្នុងអត្រាទាបបំផុតមួយក្នុងតំបន់ ប្រជាជនអេក្វាឌ័រត្រឹមតែប្រមាណ ៣ ភាគរយប៉ុណ្ណេះដែលទទួលវ៉ាក់សាំងពេញលេញ។ ប៉ុន្តែបីខែក្រោយមក អេក្វាឌ័រក្លាយជាប្រទេសដែលមានអត្រាវ៉ាក់សាំងខ្ពស់បំផុតទីបីនៅអាមេរិកខាងត្បូង ដោយប្រជាជនប្រមាណជាង ៩ លាននាក់ ឬ ៥២ ភាគរយនៃចំនួនប្រជាជនសរុប ទទួលវ៉ាក់សាំងពេញលេញ។
លោក Sebastián Hurtado ប្រធានផ្នែកប្រឹក្សាហានិភ័យនយោបាយក្នុងតំបន់របស់ Prófitas និយាយថា៖ «វាគឺជាការសម្រេចបានដ៏ប្រសើរមួយ ដោយមានកត្តាជំរុញជាច្រើនចូលរួម»។ លោកថា៖ «ទីមួយគឺទាក់ទងនឹងវ៉ាក់សាំងការទូត ដោយលោក Lasso ទាក់ទងទៅប្រទេសជាច្រើនរួមមានចិន រុស្ស៊ី និងក្រុមហ៊ុនឱសថលោកខាងលិចដោយមិនគិតពីមនោគមវិជ្ជា។ ទីពីរ លោកតែងតាំងរដ្ឋមន្ត្រីសុខាភិបាលដែលមានសមត្ថភាពខ្ពស់។ និងទីបី លោកចូលរួមជាមួយវិស័យឯកជនដើម្បីជួយដល់ការដឹកជញ្ជូន ការផ្តល់កន្លែងចាក់វ៉ាក់សាំង និងឧបករណ៍ដល់វេជ្ជបណ្ឌិតជាដើម»។
យ៉ាងណាមិញ វិបត្តិសេដ្ឋកិច្ចរបស់អេក្វាឌ័រក៏ជាបញ្ហាមួយសម្រាប់លោក Lasso ដែរ។ កាលពីថ្ងៃពុធ រដ្ឋាភិបាលនិយាយថា ខ្លួនបានសម្រេចលើកម្មវិធីផ្តល់ប្រាក់កម្ចីជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយនឹងទទួលប្រាក់កម្ចីចំនួន ១,៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ និង ៣ ប៊ីលានដុល្លារបន្ថែមទៀតនៅឆ្នាំ ២០២២ ដើម្បីស្ដារសេដ្ឋកិច្ច និងធានាបាននូវតុល្យភាពនៃសារពើពន្ធ ខណៈដែលរដ្ឋាភិបាលនេះព្យាយាមរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន។
សេដ្ឋកិច្ចអេក្វាឌ័រ ធ្លាក់ចុះរហូតដល់ ៨ ភាគរយកាលពីឆ្នាំមុនដោយសារតែជំងឺរាតត្បាត ហើយបំណុលបានកើនឡើងដល់ប្រមាណ ៦៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈឱនភាពសារពើពន្ធក៏កើនឡើងដូចគ្នា។