ចិន និងប៉ាគីស្ថានផ្ដល់ជំនួយទៅអាហ្វហ្គានីស្ថាន ខណៈពេលលោកខាងលិចនៅស្ទាក់ស្ទើរ
ខណៈពេលដែលបណ្ដាប្រទេសជុំវិញពិភពលោកប្រមូលផ្ដុំគ្នានៅក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ ទី១៣ កញ្ញា ដើម្បីពិភាក្សាការផ្ដល់ជំនួយទៅប្រទេសអាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់តាលីបង់ ប្រទេសជិតខាងចិន និងប៉ាគីស្ថានបានចាប់ផ្ដើមផ្ដល់ជំនួយរួចទៅហើយ និងបានពិភាក្សាការផ្ដល់បន្ថែមទៀតនៅពេលអនាគត។

ប្រទេសដែលឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សនេះ គឺកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ដ៏រ៉ាំរ៉ៃ ហើយកំពុងត្រូវការជំនួយពីខាងក្រៅយ៉ាងខ្លាំង។
ប៉ុន្តែមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក បានដកជំនួយទាំងអស់សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយលើកលែងតែជំនួយមនុស្សធម៌។ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀតនៅមានភាពស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយដល់ក្រុមតាលីបង់រហូតដល់ចលនាសកម្មប្រយុទ្ធអ៊ីស្លាមនេះគោរពតាមលក្ខខណ្ឌមួយចំនួនដូចជាការធានាគោរពសិទ្ធមនុស្ស ជាពិសេសសិទ្ធស្ត្រី។
ទុនបម្រុងជាតិរបស់អាហ្វហ្គានីស្ថានប្រមាណ ១០ ពាន់លានដុល្លារ ដែលទំនងជាផ្ញើនៅសាខាធនាគារជាតិអាមេរិកប្រចាំទីក្រុងញូវយ៉ក ក៏ត្រូវបានបង្កកផងដែរ។

កាលពីសប្ដាហ៍មុន តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអាហ្វហ្គានីស្ថានលោកស្រីដេបូរ៉ា លីយ៉ុងបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «គោលបំណងដែលអាចយល់បានគឺការបដិសេធមិនឱ្យប្រាក់ទាំងនេះដល់រដ្ឋបាលតាលីបង់» ប៉ុន្តែ «ឥទ្ធិពលដែលជៀសមិនរួចគឺជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលអាចបណ្ដាលឱ្យមនុស្សរាប់លាននាក់ទៀតធ្លាក់ចូលក្នុងភាពក្រីក្រ និងភាពអត់ឃ្លាន អាចបង្កឱ្យមានរលកជនភៀសខ្លួនដ៏ធំចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយពិតជាធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានដើរថយក្រោយជាច្រើនជំនាន់»។
អាហ្វហ្គានីស្ថាន គឺក្នុងចំណោមប្រទេសដែលពឹងផ្អែកលើជំនួយច្រើនបំផុតក្នុងពិភពលោក។ ជំនួយពីបរទេសគឺស្មើនឹង ៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អាហ្វហ្គានីស្ថាន និងផ្គត់ផ្គង់បីភាគបួននៃចំណាយសរុបរបស់រដ្ឋាភិបាល។
អ្នកវិភាគមួយចំនួនបាននិយាយថាការស្ទាក់ស្ទើរ ឬការឈប់ផ្ដល់ជំនួយដោយសារការព្រួយបារម្ភអំពីការកាន់អំណាចរបស់តាលីបង់គឺសមហេតុផល។ ផ្ទុយពីការសន្យាថាពួកគេនឹងបង្កើតរដ្ឋាភិបាលដែលរួមបញ្ចូលគ្រប់ភាគី គណៈរដ្ឋមន្ត្រីស្ដីទី គឺផ្សំឡើងពីសមាជិកជើងចាស់នៃក្រុមតាលីបង់ទាំងស្រុង ដែលភាគច្រើនមានជំហរអភិរក្សនិយមជ្រុល ហើយទំនងនឺងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដោយផ្ដាច់ការ។
ប៉ុន្តែសកម្មជនជាច្រើនបានរិះគន់ប្រទេសទាំងនេះថាមិនបានរកមធ្យោបាយផ្សេងសម្រាប់ការផ្ដល់ជំនួយដល់ប្រជាជនអាហ្វហ្គានីស្ថាន។ ពួកគេបានលើកឡើងថាប្រទេសទាំងនេះគួរតែចម្លងគំរូផ្ដល់ជំនួយនៅប្រទេសយេមែន ដែលសមាគមអន្តរជាតិធ្វើការផ្ដល់ជំនួយតាមរយៈអង្គការក្រៅរដ្ឋាភិបាល និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដោយមិនចាំបាច់ពាក់ព័ន្ធជាមួយនឹងអ្នកគ្រប់គ្រងប្រទេស។
យ៉ាងណាមិញកង្វះជំនួយពីលោកខាងលិច គឺកំពុងជំរុញឱ្យប្រទេសអាហ្វហ្គានីស្ថានឱ្យខិតទៅជិតប្រទេសចិន និងប្រទេសប៉ាគីស្ថាន ដែលបានចាប់ផ្ដើមផ្ដល់ជំនួយជាម្ហូបអាហារ ឱសថ និងឧបករណ៍សុខាភិបាលរាប់លានដុល្លារទៅហើយ។
ប៉ាគីស្ថាន មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយក្រុមតាលីបង់ ហើយបានរងចោទប្រកាន់ថាបានគាំទ្រក្រុមឧទ្ទាមនេះក្នុងប្រយុទ្ធជាមួយអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
ចិន ដែលមានសម្ព័ន្ធភាពរឹងមាំជាមួយប៉ាគីស្ថាន គឺបានកសាងទំនាក់ទំនងជាមួយក្រុមតាលីបង់ផងដែរ។ អ្នកវិភាគមួយចំនួនបានគិតថាចិនត្រូវបានទាក់ទាញដោយកំណប់រ៉ែដ៏ធំរបស់អាហ្វហ្គានីស្ថាន រួមទាំងរ៉ែលោហៈលីចូមផងដែរ ដែលមានតម្រូវដ៏ខ្ពស់ក្នុងវិស័យផលិតថ្មសម្រាប់ទូរស័ព្ទស្មាតហ្វូន និងយានយន្តអគ្គិសនី។
បន្ថែមពីនេះចិនក៏មានការព្រួយបារម្ភអំពីការសាយភាយអំពើភេរវកម្មចេញពីអាហ្វហ្គានីស្ថានឆ្លងដែនចូលទឹកដីរបស់ខ្លួន ជាហេតុធ្វើឱ្យចិនជំរុញតាលីបង់យ៉ាងខ្លាំងឱ្យជួយទប់ទល់ការសាយភាយ។
អ្នកជំនាញមួយចំនួនក៏គិតថាចិនអាចនឹងរួមបញ្ចូលប្រទេសអាហ្វហ្គានីស្ថានក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ និងផ្លូវ (Belt and Road Iniative ឬ BRI)។ គេគិតថាអាហ្វហ្គានីស្ថានអាចចូលរួមក្នុងគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាស្នូលមួយនៃ BRI។
រដ្ឋាភិបាលចិនមិនទាន់បានអត្ថាធិប្បាយនៅឡើយទេ ចំពោះការចូលរួមរបស់អាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់តាលីបង់ក្នុងគម្រោងទាំងនេះ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីបាននិយាយថាប្រទេសចិននឹងបន្តគម្រោងសាងសង់ខ្សែរថភ្លើងដឹកទំនិញរវាងប្រទេសទាំងពីរ៕