ជំនួយជាង១ពាន់លានដុល្លារត្រូវបានសន្យាសម្រាប់ប្រទេសអាហ្វហ្គានីស្ថានខណៈពេលដែលUN ព្រមានពីវិបត្តិ

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៣ កញ្ញា​ជំនួយ​ជាង ១ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​សន្យា​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​សន្និសីទ​មួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ ខណៈ​ពេល​ដែល​ប្រជាជន​រាប់​លាន​នាក់​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ក្នុង​ «វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​»​។

អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​សំណើ​ជំនួយ​បន្ទាន់​ប្រមាណ​ ៦០៦ លាន​ដុល្លារ​ សម្រាប់​ជួយ​ដោះ​ស្រាយ​បញ្ហា​ធំ​បំផុត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​រៃអង្គាស​ប្រាក់​ជំនួយ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​អាន់តូនីញ៉ូ ហ្គូទែរ៉េស​ បាន​និយាយ​ថា​អត្រា​ភាព​ក្រីក្រ​នៅ​អាហ្វហ្គានីស្ថាន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​ចូល​កាន់​កាប់​របស់​តាលីបង់​កាល​ពី​ខែ​មុន ដោយ​ប្រជាជន​មួយ​ក្នុង​បី​នាក់​មិន​មាន​ម្ហូប​អាហារ​ជា​ទៀងទាត់​ ហើយ​សេវាកម្ម​សាធារណ​មិន​មាន​ដំណើរ​ការ​។

«ប្រជាជន​ត្រូវ​ការ​ជំនួយ​ចេញ​ពី​ស្ថានភាព​ដ៏​លំបាក​។ បន្ទាប់​ពី​សង្គ្រាម​ជា​ច្រើន​ទសវត្ស ការ​រង​ទុក្ខ​វេទនា​និង​អសន្តិសុខ ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​ពេល​វេលា​ដ៏​គ្រោះថ្នាក់​បំផុត​» លោក​ហ្គូទែរ៉េស​និយាយ​បែប​នេះ ហើយ​បន្ត​ទៀត​ថា​៖ «ប្រជាជន​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​នៃ​ប្រទេស​ទាំង​មូល​ – ទាំង​អស់​នៅ​ពេល​តែ​មួយ​»។

លោក​និយាយ​ថា​អាហ្វហ្គានីស្ថាន​អាច​អស់​ស្បៀង​អាហារ​ត្រឹម​ដំណាច់​ខែ​នេះ ហើយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​ព្យាករណ៍​ថា​ប្រជាជន​ជាង​ ១៤ លាន​នាក់​នឹង​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន​។

ដោយ​មាន​សង្គ្រាម​រ៉ាំរ៉ៃ គ្រោះ​រាំងស្ងួត​ជា​បន្ត​បន្ទាប់​ និង​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ អាហ្វហ្គានីស្ថាន គឺ​ក្នុង​ចំណោម​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ជំនួយ​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ជំនួយ​ពី​បរទេស​គឺ​ស្មើ​នឹង​ ៤០ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាហ្វហ្គានីស្ថាន​ និង​ផ្គត់ផ្គង់​បី​ភាគ​បួន​នៃ​ចំណាយ​សរុប​របស់​រដ្ឋាភិបាល​។ ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​អាហ្វហ្គានីស្ថាន​គឺ​រំពឹង​ទៅ​លើ​ជំនួយ​ដោយ​ផ្ទាល់​ពី​ខាង​ក្រៅ​។

ជាមួយ​នឹង​ការ​ត្រឡប់​មក​កាន់​អំណាច​វិញ​របស់​ក្រុម​តាលីបង់​ និង​ការ​ដក​ទ័ព​របស់​អាមេរិក​ ប្រាក់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ជា​រាង​រាល់​ឆ្នាំ​ត្រូវ​បាន​កាត់​ផ្ដាច់​ ដោយ​សារ​ការ​មិន​ទុក​ចិត្ត​ក្រុម​នេះ​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច ក្នុង​ការ​គោរព​សិទ្ធ​មនុស្ស​។

ការ​មិន​ទុក​ចិត្ត​របស់​លោក​ខាង​លិច ​ត្រូវ​បាន​កត់​សម្គាល់​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ស្រី​មីសែល បាសេលេត ​ដែល​បាន​ចោទ​ប្រកាន់​ក្រុម​តាលីបង់​ថា​បាន​ក្បត់​ការ​សន្យា​ ដោយ​បាន​បញ្ជា​ឱ្យ​ស្ត្រី​ចាកចេញ​ពី​កន្លែង​ធ្វើ​ការ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​រារាំង​មិន​ឱ្យ​កុមារី​មិន​ឱ្យ​ចូល​រៀន​។

ប៉ុន្តែ​អ្នក​ខ្លះ​បាន​និយាយ​ថា​លោក​ខាង​លិច​នៅ​មាន​កាតព្វកិច្ច​ជួយ​ប្រជាជន​អាហ្វហ្គានីស្ថាន​ បន្ទាប់​ធ្វើ​សង្គ្រាម​អស់​រយៈ​ពេល​ ២០ ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ​។

កាល​សប្ដាហ៍​មុន​ប្រទេស​ជិត​ខាង​ ចិន និង​ប៉ាគីស្ថាន​ បាន​ប្ដេជ្ញា​ផ្ដល់​ជំនួយ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​។ ​ក្រុង​ប៉េកាំង​បាន​សន្យា​ផ្ដល់​ជំនួយ​ជា​ស្បៀង និង​ឱសថ​ក្នុង​តម្លៃ​ ៣១ លាន​ដុល្លារ​ ហើយ​នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩​ចំនួន​៣​លាន​ដូស​។ ក្រុង​អ៊ីស្លាម៉ាបាត​បាន​ផ្ដល់​ជំនួយ​ជា​ស្បៀង​ និង​ឱសថ​ ហើយ​បាន​ទាមទារ​ឱ្យ​ដោះលែង​ទ្រព្យសម្បត្តិ​អាហ្វហ្គានីស្ថាន​ជាប់​កក​នៅ​បរទេស​។

ក្នុង​សន្និសីទ​ខាង​លើ​ចិន និង​រុស្សី​និយាយ​ថា​បន្ទុក​សំខាន់​ក្នុង​ការ​ជួយ​អាហ្វហ្កានីស្ថាន​ចេញ​ពី​វិបត្តិ​គួរ​តែ​ស្ថិត​នៅ​ជា​មួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្សឺណែវ លោក​ឈិន ស៊ូ បាន​និយាយ​ថា​៖​«សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​កាតព្វកិច្ច​ធំ​ជាង​នេះ ដើម្បី​ពង្រីក​ជំនួយ​ផ្នែក​សេដ្ឋកិច្ច មនុស្សធម៌ និង​ការ​រស់​នៅ​»​។

សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ថ្មី​ចំនួន ៦៤ លាន​ដុល្លារ​នៅ​ក្នុង​សន្និសីទ​នេះ​ ខណៈ​ពេល​ដែល​ន័រវែស​បាន​សន្យា​បន្ថែម ១១.៥ លាន​ដុល្លារ​។

ប្រាក់​ថ្មី​ប្រហែល ២០០ លាន​ដុល្លារ​ត្រូវ​បាន​កំណត់​សម្រាប់​កម្មវិធី​ស្បៀងអាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​រក​ឃើញ​ថា ៩៣% នៃ​ជនជាតិ​អាហ្វហ្គានីស្ថាន ១៦០០ នាក់ ដែល​បាន​ស្ទង់​មតិ​នៅ​ខែ​សីហា និង​ខែ​កញ្ញា​ មិន​ទទួល​បាន​អាហារ​គ្រប់​គ្រាន់​ទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner