រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសដល់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជម្រាបជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ០៧៣/២១ សជណ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈសម្បត្តិសមស្របក្នុងការបើកដំណើរឡើងវិញ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពោលគឺអាចបើកដំណើរការ ចាប់ពីកាលបរិច្ឆេទដែលបានកំណត់តទៅ។ ដូច្នេះ សូមគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង ជំរុញការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ឱ្យទទូលបានលទ្ធផលល្អ ប្រកបដោយទំនុកចិត្តខ្ពស់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner