សន្តិភាពដែលយើងទទួលបាន គឺផ្តើមចេញពីការធ្វើពលីកម្មរបស់អតីតវីរយុទ្ធជន តស៊ូវាយផ្តួលរំលំរបប ប៉ុលពត និងនយោបាយឈ្នះ ឈ្នះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសម្ភោធស្តូបមិត្តភាពកម្ពុជា វៀតណាម នៅខេត្តកំពង់ចាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា សន្តិភាពដែលយើងទទួលបាន គឺផ្តើមចេញពីការធ្វើពលីកម្មរបស់អតីតវីរយុទ្ធជន យុទ្ធនារី បានតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃជ័យជំនះ៧មករា ១៩៧៩ ដោយមានការចូលរួមជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៩៨ ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ។

ស្តូបមិត្តភាព កម្ពុជា វៀតណាម ដែលត្រូវសម្ភោធនៅខេត្តកំពង់ចាមនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ គឺកសាងឡើងក្នុងគោលបំណងដើម្បីជាការរំលឹក និងរក្សាមរតក នៃការធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់របស់អតីតវីរយុទ្ធជន កម្ពុជា វៀតណាម ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិត និងការការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាសារជាថ្មីវិញ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ញ៉ែម វ៉ាលី អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

ក្នុងនាមតំណាងដ៏ខ្ពង់របស់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានកោតសរសើចំពោះគណម្មការសាងសង់ដែលបានសហការណ៍ជាមួយអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធឈានទៅសំរេចរួចរាល់នាពេលនេះ ។ លោកជំទាវ ម៉ែន សំអន បានរំលឹកពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា គ្រាដែលប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមនៅចន្លោះឆ្នាំ១៩៧០-១៩៧៥ រហូតឈានដល់ធ្លាក់ចូលក្នុងរបបខ្មៅងងិត ដែលត្រូវបានដឹងទាំងអស់គ្នាថាជារបបប្រល័យពូជសាសន៍ប៉ុលពត នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ពេលនោះប្រជាជនយើងតែងតែស្វែងរកអ្នកជួយរំដោះឲ្យផុតពីរបបដ៏យង់ឃ្នងនេះ ។

ចុងបញ្ចប់សេចក្តីប្រាថ្នារបស់ប្រជាជនយើងបានសម្រេចដោយជោគជ័យ បន្ទាប់ពីមានចលនាមហាជនមួយត្រូវបានបង្កើតឡើងនៅថ្ងៃ២ ធ្នូ ១៩៧៨ ដែលបានកើតចេញពីការតស៊ូរបស់វីរយុទ្ធជន យុទ្ធនារី ដឹកនាំដោយសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានគេចផុតពីការកាប់សម្លាប់ ហើយបានសុំការគាំទ្រកំលាំងប្រទេសជិតខាងដើម្បីវាយផ្តួលរំលំរបបប៉ុលពត នាថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ ។ ផ្តើមចេញពីហេតុផលប្រវត្តិសាស្ត្រដ៏វេទនា ដែលប្រទេសនៅលើសកលលោកមិនធ្លាប់មាននេះ បានធ្វើឲ្យយើងទាំងអស់គ្នាត្រូវចងចាំ និងទប់ស្កាត់កុំឲ្យរបបព្រៃផ្សៃនេះវិលត្រឡប់សារជាថ្មីឡើងវិញ ហើយសុំអរគុណសន្តិភាព ដែលមានតំលៃមហាសាលសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីសម្ភោធនេះដែរ ក៏មានការចូលរួមពីឯ.ឧ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  សេនានុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ប្រតិភូខេត្តប៊ិញភឿក និងកងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner