រដ្ឋមន្ត្រីឥណ្ឌូណេស៊ី មានគោលបំណងបើកដំណើរការ ប្រទេសឡើងវិញសម្រាប់ ជនបរទេសនៅខែវិច្ឆិកា
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងចាប់ផ្តើមបើកព្រំដែនរបស់ខ្លួន ដល់ជនបរទេសនៅខែវិច្ឆិកានៅពេលដែល ៧០% នៃប្រជាជនគោលដៅរបស់ខ្លួនបានទទួលវ៉ាក់សាំងការពារយ៉ាងហោចណាស់មួយដង។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក Budi Gunadi Sadikin បាននិយាយថាគាត់កំពុងអនុវត្តនូវយុទ្ធសាស្ត្រដែលបានអនុម័ត ដោយចក្រភពអង់គ្លេស ដែលគាត់បាននិយាយថាបានផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំង ដូសដំបូង ដែលអាចជួយសម្រេចបាន និងធានានូវអត្រាទាបនៃការចូលមន្ទីរពេទ្យនិងការស្លាប់។
លោកបានបន្តថា «ដូច្នេះយើង នឹងផ្តោតលើការចាក់ដូសដំបូងដល់ប្រជាជនយើង។ ប្រសិនបើយើងអាចចាក់វ៉ាក់សាំង បាន៧០% នៃប្រជាជនគោលដៅ ២០៨ លាននាក់គឺប្រមាណ ១៤០-១៥០ លាននាក់ យើងនឹងអាចចាប់ផ្តើមបើកឡើងវិញជាបណ្តើរ ៗ ហើយបើតាម ការបា៉ន់ស្មានរបស់ខ្ញុំ គឺយើងនឹងអាចបើកប្រទេសត្រឹមខែវិច្ឆិកា» ។

ការកំណត់ពេលវេលានៅខែវិច្ឆិកា ឆ្នាំ ២០២១ គឺជាលើកទីមួយដែលរដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្តជាសាធារណៈចំពោះការកំណត់កាលបរិច្ឆេទសម្រាប់ការបើកព្រំដែនប្រទេសឡើងវិញ។ មានតែជនជាតិបរទេស ដែលមានទិដ្ឋាការ ការទូតឬធ្វើការឬមានសិទ្ធិទទួលបានការលើកលែងផ្សេងទៀតប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសឥណ្ឌូនេស៊ី។ ប្រទេសឥណ្ឌូនេស៊ីបានរកឃើញ ករណីឆ្លងវីរុសកូរ៉ូណាជាង ៤.១ លាននាក់និងមានអ្នកស្លាប់ចំនួន ១៣៩.០០០ នាក់ដោយសារកូវីដ -១៩ ប៉ុន្តែអត្រាវិជ្ជមាន បានធ្លាក់ចុះ។ ការអនុវត្តគោលការណ៏ គម្លាតសង្គមត្រូវបានគេ ដាក់ឲ្យចូលជាធរមាន តាំងពីដើមខែកក្កដាប៉ុន្តែវា បានបន្ធូរបន្ថយបន្តិចម្តង ៗ ដើម្បីអនុញ្ញាតឱ្យផ្សារទំនើប ភោជនីយដ្ឋាន រោងកុននិងរោងចក្រ ដំណើរការ ដោយមានលក្ខខណ្ឌមួយចំនួនដើម្បី ធានាសុវត្ថិភាព។