ឯកអគ្គរដ្ឋទូតនៃអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថានទៅអ.ស.ប.ថា តាលីបង់រំលោភការសន្យាការពារសិទ្ធិមនុស្ស

ឯក​អគ្គ​រដ្ឋ​ទូត​ និង​តំណាង​អចិន្ត្រៃយ៍​នៃអ​តីត​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​លោក​ Nasir​ Ahmad​ Andisha និ​យាយ​​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ តាលីបង់​​រំលោភ​ការ​សន្យា​របស់​ខ្លួន​​ក្នុង​ការ​ការពារ​ស្ត្រី​ និង​ការពារ​សិទ្ធិ​មនុស្ស​ ហើយ​សហគមន៍​អន្តរជាតិត្រូវតែ​ធ្វើ​សកម្មភាព​លើ​ករណី​នេះ​។​

​​មន្រ្តី​​​រូប​នេះ​និយាយ​ថា​៖​  «​ពួក​តាលីបង់​បាន​ប្តេជ្ញា​គោរព​សិទ្ធិ​ស្ត្រី ​ប៉ុន្តែ​សិទ្ធិ​ស្ត្រី​កំពុង​បាត់​បង់​ពី​គ្រប់​ទិដ្ឋភាព​ ខណៈ​​ដែល​អំពើ​ហឹង្សា​ និង​ការ​រើស​អើង​លើ​ស្ត្រី ​និង​ក្មេង​ស្រី​នៅ​តែ​មាន​​​»​។​

​លោក​​ចោទ​ប្រកាន់​ក្រុម​តាលីបង់​ថា​ប្រើ​អំពើ​ឃោរឃៅ​​នៅ​ពាស​ពេញ​ជ្រលង​ភ្នំ​ Panjshir ​ដែល​ជាក​ន្លែង​ចុង​ក្រោយ​សម្រាប់​ក្រុម​អ្នក​តស៊ូ​​ ​ហើយ​​និយាយ​ថា​តាលីបង់​កំពុង​ធ្វើ​ការ​សម្លាប់​ដោយ​ដាក់​គោល​ដៅ ​និង​​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការ​រួម​ទាំង​ក្មេង​ប្រុស​ៗ​ផង​ដែរ​។​

លោក​ Andisha ​ដែល​​អ.ស.ប.​នៅ​តែ​ទទួល​ស្គាល់​ទោះ​បី​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ដួល​ចុះ​រួច​ក្ដី​ និយាយ​ថា​ ​រដ្ឋាភិបាល​បណ្តោះអា​សន្ន​ដែល​ទើប​បង្កើត​ថ្មី​​របស់​តាលីបង់​ ធ្វើ​ឱ្យ​អន្តរាយដល់​​ភាព​ចម្រុះ​​ផ្នែក​នយោបាយ ​និង​សង្គម​របស់​អាហ្វហ្កានីស្ថាន​ ដោយ​គណៈរដ្ឋ​មន្ត្រី​មាន​តែ​បុរស​ទាំង​ស្រុង​ ហើយ​សមាជិក​ភាគ​ច្រើន​ជា​ជន​ជាតិ​ Pashtun ​ដែល​បង្កើត​មូល​ដ្ឋាន​គាំទ្រ​សំខាន់​របស់​តាលីបង់​​ទោះ​បី​ក្រុម​នេះ​មាន​ចំនួន​តិច​ជាង​ប្រជាជន​អាហ្វហ្គានីស្ថាន​ជាង​ពាក់​កណ្ដាល​ក្ដី​។​

​​​លោក​បន្ថែម​ថា​៖​ «​ក្នុង​គ្រា​ដ៏​សំខាន់​នេះ​ ពិភព​លោក​មិន​អាច​នៅ​ស្ងៀម​ឡើយ​។​ ប្រជាជន​អាហ្វហ្កានីស្ថាន​ត្រូវ​ការ​សកម្មភាព​ពី​សហគមន៍​អន្តរជាតិ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​»​។​ លោក​ក៏​អំពាវ​នាវ​ឱ្យ​ក្រុម​ប្រឹក្សា​ បង្កើត​បេសកកម្ម​ស្វែង​រក​ការ​ពិត​ដើម្បី​តាម​ដាន​ពី​សកម្មភាព​របស់​តាលីបង់​។​ ​

​យ៉ាង​ណា​មិញ​ ក្រុម​តាលីបង់​​បដិសេធចំពោះ​​​ការ​ចោទ​ប្រកាន់​ដែល​ថា​មាន​អំពើ​ឃោឃៅនៅ​ Panjshir  ​ហើយ​និយាយ​ថា ​ខ្លួន​គាំទ្រ​សិទ្ធិ​ស្ត្រីនៅ​ក្នុង​បរិបទ​មូស្លីម​ ហើយ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ថ្មី​នឹង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាជន​លើ​ប្រព័ន្ធ​​អចិន្រ្តៃយ៍​​នាពេល​អនាគត​។​

​​កាល​ពី​ថ្ងៃ​ច័ន្ទ​ ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​អ្នក​​ស្រី​ Michelle Bachelet ​បាន​ដាក់​បន្ទុក​លើ​​ក្រុម​តាលីបង់​ចំពោះ​​ការ​ប្រព្រឹត្ត​ខុស​ពី​សន្យា​ជាសា​ធារណៈ​របស់​ខ្លួន​ស្តី​ពី​សិទ្ធិ​មនុស្ស​ រួម​ទាំង​បញ្ជា​ឱ្យ​ស្ត្រី​ស្នាក់​នៅ​ផ្ទះ ​រារាំង​ក្មេង​ស្រីជំ​ទង់​មិន​ឱ្យ​ចូល​សាលា​ និង​ស្វែង​រក​អតីត​សត្រូវ​របស់​ខ្លួន​ជាដើម​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner