អាសនៈរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងសភាពប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងខាងយោធា និងខាងស៊ីវិល ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំថ្មី
ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំថ្មីលើកទី៧៦នៅសប្តាហ៍ក្រោយ អាសនៈរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងសភាពប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងខាងយោធា ដែលកំពុងកាន់អំណាច និងខាងស៊ីវិល ដែលប្រតិបត្តិការក្រោមរូបភាពជារដ្ឋាភិបាលរួបរួមជាតិ (NUG)។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Kyaw Moe Tun ដែលកំពុងកាន់កាប់អាសនៈនៅអ.ស.ប បានប្រកាសថ្កោលទោសរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល ហើយតែងតែបញ្ជូនសាររបស់រដ្ឋាភិបាលស្រមោល NUG ទៅកាន់អន្តរជាតិ និងអំពាវនាវមិនឱ្យមានលំហូរអាវុធចូលក្នុងប្រទេសមួយនេះ។ ឯខាងយោធាវិញក៏បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងរវាងខ្លួន និងលោក Kyaw Moe Tun។
ជុំវិញបញ្ហានេះ លោក Kyaw Moe Tun នឹងនៅបន្តជាឯកអគ្គរដ្ឋទូតដដែលរហូតដល់ខែវិច្ឆិកា ប៉ុន្តែលោកនឹងមិនឡើងលើឆាកអង្គការសហប្រជាជាតិដើម្បីនិយាយតំណាងឱ្យមីយ៉ាន់ម៉ានោះទេ ទោះបីជាលោកមានឈ្មោះក្នុងបញ្ជីអ្នកដែលត្រូវឡើងនិយាយក៏ដោយ។
ពាក់ព័ន្ធនឹងរឿងប្រទាញប្រទង់អាសនៈនេះ ខាងអ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់បង្ហាញគោលជំហរណាមួយនោះទេ ខណៈអ្នកស្រី Yin Yin Nwe ដែលជាទីប្រឹក្សារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទម្លាយថា NUG មានតែការធ្វើទំនាក់ទំនងអន្តរជាតិ តែមិនបានគ្រប់គ្រងផ្ទៃដីណាមួយនៅមីយ៉ាន់ម៉ាឡើយ ហើយនេះជា ចំណុចចាញ់ប្រៀបរបស់ NUG។
ជុំវិញសមរភូមិនេះ អាមេរិក និងចិនក៏បានព្រមព្រៀងក្រៅផ្លូវការមិនឱ្យអ្នកតំណាងមកពីរដ្ឋាភិបាលដឹកនាំដោយក្រុមយោធាបង្ហាញខ្លួននៅក្នុងកិច្ចពិភាក្សាទូទៅនៅមហាសន្និបាតនេះ ហើយការព្រមព្រៀងនេះត្រូវបានគាំទ្រដោយរុស្ស៊ី សហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។

ប្រភព៖ FP