សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ការដាក់អោយប្រើប្រាស់ និងការកម្រិតសមមូលវិញ្ញាបនបត្រ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប)
រាធានីភ្នំពេញ៖ សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ការដាក់អោយប្រើប្រាស់ និងការកម្រិតសមមូលវិញ្ញាបនបត្រ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) ក្រោមអធិបតិភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សិក្ខាសាលានេះមានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយអំពីសេចក្តីណែនាំ និងកម្រិតសមមូលវិញ្ញាបនបត្រនៃកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) ដល់ភាគីពាក់ព័ន្ធដែលរួមមាន៖
១. គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
២. វិទ្យាល័យចំណេះទូទៅ និងវិជ្ជាជីវៈ
៣. មជ្ឃមណ្ឌលយុវជន និងភាគីដទៃទៀតទូទាំងប្រទេស។
ផ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអឺនធឺណិត(ប៊ីប) នឹងផ្តលឱកាសដល់យុវជន កម្មករ កម្មការនី នៅតាមរោងចក្រ ជាពិសេសិស្សានុសិស្សដែលបានបោះបង់ការសិក្សាដោយកត្តា ជីវភាព គ្រួសារ ចំណាកស្រុក។ អាចបន្តការសិក្សាចាប់យកជំនាញបន្ថែម នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬនៅវិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់លើ ការអភិវឌ្ឍធនធានមនុស្ស ពិសេសយុវជនតាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព សមត្ថភាព និងជំនាញដែលឆ្លើយតបទៅនិងទីផ្សារការងារក្នុងប្រទេស និងតំបន់។ ជាចំាបាច់យុវជនកម្ពុជាត្រូវការ ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និង បរិយាបន្ន លើជំនាញបច្ចេកវិទ្យាព័ត៌មាន គមនាគមន៏ បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តី អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថាកម្មវិធី BEEP គឺជាកម្មវិធីសិក្សាតាមប្រព័ន្ធ អ៊ីនធឺណិត ដែលជាបរិបទនៃការសិក្សាតាមប្រក្រតីភាពបែបថ្មី (New Normal) និងបានផ្តាំផ្ញើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តតាមប្រកាស និងគោលការណ៍ណែនាំស្តីពីការដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំកម្រិត មូលដ្ឋានតាមអ៊ីនធឺណិត (BEEP) នេះ ទៅតាមតួនាទីភារកិច្ច រៀងៗខ្លួន។
លោក Sadar Umar Alam តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាសិក្ខាសាលានេះមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយព័ត៌មាននិងអំពាវនាវឱ្យមានការគាំទ្រពីគ្រប់ការិយាល័យអប់រំខេត្ត វិទ្យាស្ថាន TVET វិទ្យាល័យបច្ចេកទេសមជ្ឈមណ្ឌលយុវជន និង ដៃគូផ្សេងទៀត។ នេះជាសក្ខីកម្មយ៉ាងសំខាន់ពីវឌ្ឍនភាពយ៉ាងប្រសើរក្នុងការអនុវត្តកម្មវិធីជាមួយក្រសួងទាំងពីរនិងដៃគូផ្សេងៗទៀត។ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និង មន្ទីររាជធានីខេត្តក្រុង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវ រាជធានីខេត្តក្រុង
កម្មវិធីប៊ីបជាផ្នែកមួយនៃកម្មវិធីរួមគ្នាដើម្បីការងារសមរម្យរបស់យុវជន (DEY) ដែលផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិត មធ្យមសិក្សាបឋមភូមិ ទទួល បាន វិញ្ញាបនបត្រសមមូលដើម្បី បន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។ សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ ការសិក្សាអាចចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យបច្ចេកទេស ទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា៕ដោយ-រ៉ាវុធ



