រដ្ឋបាលខេត្តបន្ទាយមានជ័យ និងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តចែកម៉ាស់ចំនួន១លាន ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងវីរុសរលាកសួត កូរ៉ូណាប្រភេទថ្មី
បន្ទាយមានជ័យ៖ រដ្ឋបាលខេខេត្តបន្ទាយមានជ័យ និងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បន្តចែកម៉ាស់ (mask) ដែលមានចំនួន១លាន ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។
ការចែកមាសនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់ រួមនឹងមន្ត្រីជំនាញសុខាភិបាលពាក់ព័ន្ធផងដែរ និងបានបន្តអញ្ជើញចុះទៅពិនិត្យមើលមណ្ឌលសំចតក្រុងប៉ោយប៉ែត និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីមានវិធានការជាមុនត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ប្រជាពលរដ្ឋ ក្នុងករណីរកឃើញថាមានឆ្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងក្រុមការងារក៏បានអញ្ជើញ ទទួលនិស្សិតអាហារូបករណ៍លោក ស សុខា ទៅសិក្សានៅប្រទេសចិន ត្រឡប់មកខេត្តបន្ទាយមានជ័យវិញ ក្នុងឱកាសសម្រាកវិស្សមកាល នៅច្រកទ្វារព្រំដែនអន្តរជាតិផងដែរ។
បញ្ជាក់ថារដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីនគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដាក់ផែនការចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ភ្ញៀវជាតិ និងអន្តរជាតិចំនួន១លានម៉ាស់ រយៈពេញ១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០តទៅ។ អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា និងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕ធ.ដ
ដោយ៖ឃិន គន្ធា