ចំនួនសិស្សដួលសន្លប់ កើនឡើង១៤នាក់ហើយបើគិតត្រឹមម៉ោង៥ថ្ងៃ២៧មករានេះ នៅមណ្ឌលគីរី
មណ្ឌលគិរី៖ យ៉ាងហោចសិស្សវិទ្យាល័យចំនួន ១៤នាក់ ក្នុងខេត្តមណ្ឌលគីរី បានរងការដួលសន្លប់ទៀតហើយ ពេលកំពុងរៀនក្នុងថ្នាក់ នារសៀលថ្ងៃទី២៧ មករានេះ ។ ហេតុការណ៍បានកើតឡើងនៅវិទ្យាល័យ ហ៊ុន សែន កែវសី មា ខេត្តមណ្ឌលគីរី ។
សូមរំលឹកថា នេះជាករណីទី២ហើយ នៃការដួលសន្លប់ ដោយកាលពីថ្ងៃទី២៣ សប្តាហ៍មុន ក៏មានករណីដួលសន្លប់នៅក្នុងវិទ្យាល័យកែវ សីមា ដូចគ្នាដដែលនេះផងដែរ ដែលករណីនេះ នាំឲ្យសិស្សស្រីចំនួន ១០នាក់ បានរងការដួលសន្លប់ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា សិស្សដែលរងការដួលសន្លប់នោះ គឺជាសិស្សស្រីទាំងអស់ ដែលក្នុងចំណោមសិស្សទាំង ១៤ នោះ មាន៤ នាក់ ធ្លាប់បានដួលសន្លប់ នៅថ្ងៃទី២៣ ម្តងរួចមកហើយ ។
សេចក្តីរាយការណ៍សន្និដ្ឋានជាលើកទី២ ពីគ្រូពេទ្យ និងគ្រូបង្រៀន បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យសិស្សសន្លប់នោះ គឺដោយសារអាកាសធាតុក្តៅខ្លាំង និងសុខភាពពួកគេចុះខ្សោយ ។ សិស្សស្រីទាំង១០ បានរងនឹងអការៈស្ពឹកជើង, ថប់ដង្ហើម ណែនដើមទ្រូង និងវិលមុខ មុនហេតុការណ៍ដែលដួលសន្លប់នោះ។ សិស្សទាំង១៤នាក់ ត្រូវបានគេបញ្ជួនយកទៅមន្ទីរ ពេទ្យ និងមិនមានអ្នកណាម្នាក់រងគ្រោះដល់ជីវិតនោះទេ។
បើតាមការបញ្ជាក់ពីគ្រូបង្រៀន អាកាសធាតុដែលជាក់ស្តែងនៅក្នុងទីតាំងសាលាពេលកំពុងកើតហេតុនោះ គឺមានរហូតដល់ ៣៣ អង្សាសេ ។ ក្រោយករណីដួលសន្លប់ កាលពីសប្តាហ៍មុនមក សាលាបានបំពាក់បន្ថែមនៅកង្ហា២ បន្ថែមទៀត ក្នុងថ្នាក់រៀន ដោយមួយបន្ទប់មានកង្ហាចំនួន ៤ ។ បើតាមការបន្ថែមពីគ្រូបង្រៀននៅវិទ្យាល័យនោះ ទីតាំងនៃអាគាសាលានោះ គឺជុំជិតទៅដោយរណ្តៅដីជីក ដែលនាំឲ្យកង្វះនៅខ្យល់អុកស៊ីសែន ចូលដល់ក្នុងទី តាំងសាលា ។ សូមជំរាបថា នេះជាករណីទី២ ហើយ រាប់តាំងពីដើមខែមករា ឆ្នាំ២០២០ មក ដែលមានការដួលសន្លប់ នៅវិទ្យាល័យកែវសីមានេះ ដែលមានចំនួនចាប់ពី១០ នាក់ ឡើងទៅ៕ធ.ដ
ដោយ៖ សាតចាន់បុត្រ