ប៉ូលិសអូស្ត្រាលីប៉ះទង្គិចជាមួយអ្នកតវ៉ាប្រឆាំងការបិទខ្ទប់ និងចាប់ខ្លួនប្រមាណ ២៧០នាក់
ប៉ូលិសនៅក្នុងប្រទេសអូស្ត្រាលីប៉ះទង្គិចជាមួយអ្នកតវ៉ាប្រឆាំងនឹងការបិទខ្ទប់ កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយចាប់ខ្លួនអ្នកតវ៉ាប្រមាណ ២៣៥នាក់នៅទីក្រុងមែលប៊ន និង ៣២នាក់ទៀតនៅទីក្រុងស៊ីដនី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មនុស្សប្រមាណ ៧០០នាក់ប្រមូលផ្ដុំគ្នាតាមកន្លែងជាច្រើននៅក្នុងទីក្រុងមែលប៊ន ខណៈមន្ត្រីប៉ូលិសជាង ២ពាន់នាក់បិទខ្ទប់មិនឱ្យមានការចេញ-ចូលនៅកណ្ដាលទីក្រុង។ មធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
ចំណែកឯនៅទីក្រុងស៊ីដនីវិញ ប៉ូលិសតាមបណ្ដាអង្គភាពនានារាប់ចាប់តាំងពី ប៉ូលិសបង្ក្រាបបាតុកម្ម និងតម្រួតតាមដងផ្លូវ ត្រូវបានពង្រាយនៅតាមផ្លូវនានា ដើម្បីបង្ការកុំឱ្យមានការជួបជុំណាមួយ។
អូស្ត្រាលីរងការយាយី ដោយវីរុសដែលតា តាំងពីពាក់កណ្ដាលខែមិថុនាមក ដែលបណ្ដាលឱ្យទីក្រុងមួយចំនួនដូចជា មែលប៊ន និងស៊ីដនី ហើយព្រមទាំងរដ្ឋធានីកង់បេរ៉ា កំពុងស្ថិតក្រោមការបិទខ្ទប់ដ៏តឹងរ៉ឹងមួយ។ កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រទេសនេះរកឃើញមានអ្នកឆ្លងសរុប ១ ៨៨២ករណី ដែលភាគច្រើននៅទីក្រុងស៊ីដនី៕

ប្រភព៖ Reuters