ជនរងគ្រោះ ដោយសង្គ្រាមគ្រឿងញៀននៅហ្វីលីពីនសង្ឃឹមទទួលយុត្តិធម៌ ក្រោយមានការបើកឱ្យស៊ើបអង្កេត
ក្រុមគ្រួសារមួយ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការ «សង្គ្រាមគ្រឿងញៀន» របស់ប្រទេសហ្វីលីពីន ចាប់ផ្ដើមមានក្ដីសង្ឃឹមទទួលយុត្តិធម៌ ក្រោយមានការអនុញ្ញាតឱ្យបើកការស៊ើបអង្កេតជាផ្លូវការមួយ អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចអនុម័តបាន ដោយចៅក្រមពីតុលាការព្រហ្មទណ្ឌអន្តរជាតិនៅដើមសប្តាហ៍នេះ។
ក្រុមសិទ្ធិមនុស្សនិយាយថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានញុះញង់ឱ្យ មានអំពើហឹង្សា និងបានចោទប្រកាន់ប៉ូលីសពីបទសម្លាប់ជនសង្ស័យគ្មានអាវុធក្នុងទ្រង់ទ្រាយធំ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ។
លោកស្រី Mary Jane Gerangco អាយុ ៤០ ឆ្នាំបានប្រាប់សារព័ត៌មានរ៉យទ័រ នៅទីក្រុងម៉ានីលថា៖ « ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលមានការបើកឱ្យស៊ើបអង្កេតលើករណីសម្លាប់បងប្អូនប្រុស។ ក្តីសង្ឃឹមរបស់យើងគឺថា គ្រួសាររបស់យើងទទួលបានយុត្តិធម៌ ហើយអ្នកដែលមានកំហុស ត្រូវតែទទួលខុសត្រូវ»។
បងប្អូនប្រុសរបស់លោកស្រី Gerango ត្រូវបានប៉ូលីសសម្លាប់កាលពីខែកញ្ញាឆ្នាំ ២០១៦ បន្ទាប់ពីគេបានចោទថាជា អ្នកជួញដូរគ្រឿងញៀន។
ប៉ូលីសជាតិហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការចោទប្រកាន់ត្រូវបានបង្ហាញម្តងហើយម្តងទៀតថា មិនពិតទេ ហើយកងកម្លាំងរបស់ប៉ូលីសមិនបានលើកលែង ឬ បិទបាំងករណីរំលោភបំពាន និងទម្រង់នៃការធ្វើខុសផ្សេងទៀតនៅក្នុងជួរខ្លួនទេ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរបានសម្លាប់ជនសង្ស័យជាង ៦,១០០ នាក់ ដែលជាអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក Duterte ចូលកាន់តំណែងនៅខែមិថុនាឆ្នាំ ២០១៦។


ប្រភព៖ Reuters