អាជ្ញាធរមីនជួបប្រជុំជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគៀងគរជំនួយសម្រាប់ការដោះមីនដំណាក់កាលទី៤រយៈពេល៥ឆ្នាំបន្តទៅទៀត

អត្ថបទដោយ៖
Kien Sereyvuth

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសំអាតមីន ដើម្បីលទ្ឋផល(CFR) នៅព្រឹកថ្ងៃ២៧មករានេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពអនុប្រធានទី១អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសផ្តល់ជំនួយរួមមានអូស្ត្រាលី ស្វីស កាណាដា UNDP តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងម្ចាស់ជំនួយថ្មី កូរ៉េ/KOICA ដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តគម្រោងបោសសំអាតមីនដំណាក់កាលទី៣ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ និងការចាប់ផ្តើមគម្រោងដំណាក់កាលទី៤បន្តទៀត ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ និងផែនការសកម្មភាពនិងផែនការថវិកាឆ្នាំ២០២០។

តំណាងដៃគូរអភិឌ្ឍន៍អង្គការ UNDP  លោក Nick Beresford, បានអបអរសាទរចំពោះដំណើការអនុវត្តដោយជោគជ័យ នូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នាអនុវត្តការងារគម្រោងសម្រាប់ដំណាក់កាលទី៤។ លោក Nick បានឲ្យដឹងដែរថា ប្រទេស New Zealand កំពុងពិចារណានឹងចូលរួមជាមួយគម្រោងដំណាក់កាលទី៤នេះដែរ។ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលជាប្រធានអាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ សន្យាថានឹងប្រើប្រាស់ថវិកាជំនួយឲ្យបានត្រឹមត្រូវបំផុត ឲ្យបានជាប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានគាំទ្រវិស័យសកម្មភាពបោសសំអាតមីននៅកម្ពុជា និងស្នើសុំឲ្យប្រទេសម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ មានរយៈពេល៤ឆ្នាំ ឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ មានថវិកាចំនួន ១១លាន៥សែន២ម៉ឺន៤ពាន់៨២៣ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា អង្គការ UNDP និងបដិភាគ១០%របស់រដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ៥៣.១៥ គីឡូម៉ែត្រក្រឡា ដោយផ្តោតទៅលើខេត្តដែលមានអត្រាគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩ ផ្ទៃដីចំនួន ១ពាន់៩៤៦ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតដោយប្រតិបត្តិករជាតិ-អន្តរជាតិ ដោយរកឃើញនិងកំទេចចោលមីនប្រឆាំងមនុស្សចំនួន១លាន៨ម៉ឺន៨១៤ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៥ពាន់១៨៦ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២លាន៨សែន៣ម៉ឺន២ពាន់៦២៦គ្រាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner