សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអោយបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា ជាការវិភាគបែបសេនារីយោ ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។
ក្នុងនាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏សូមលើកទឹកចិត្តអោយលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បាអំពាវនាវអោយភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ ៕ ដោយ វណ្ណលុក


