សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបញ្ជ្រាបចំណេះពាក់ព័ន្ធ និងទូកលើកទី២ដល់កីឡាករ គ្រូបង្វឹក និងប្រតិមកពីភូភូមិភាគវាលរៀប ដើម្បីផ្តល់ការយល់ដឹងកាន់តែច្បាស់អំពីប្រភេទទូកដែលសហព័ន្ធមាន

អត្ថបទដោយ៖
Kien Sereyvuth

សិក្ខាកាមដែលជាកីឡាករការិនី គ្រូបង្វឹក និងប្រតិភូ មកពីភូមិភាគវាលរាប ចំនួន១២៨នាក់ ត្រូវបានសហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជា បើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណីទូកនាគ និងទូកកានូ កាយ៉ាក់ លើកទី២ ឆ្នាំ២០២០ជូនរយៈពេល២ថ្ងៃនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត កណ្តាល។

កញ្ញា មាសតឿ អ្នកសម្រប់សម្រួលវគ្គ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនភូមិភាគវាលរាបលើកទី២ ឆ្នាំ២០២០ ដែលសហព័ន្ធរៀបចំឡើងនេះមានគោលបំណងផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធអំពីទូកដែលសហព័ន្ធមាន និង លក្ខន្តិកៈសម្រាប់ការប្រកួតប្រជែង ជើងឯកភូមិភាគរៀលរាបឆ្នាំ២០២០ដែលចាប់ផ្តើមប្រកួតផ្លូវការថ្ងៃទី២៨ដល់ថ្ងៃ២៩ ខែ មករាខាងមុខនេះ នៅទន្លេបាសាក ក្រុងតាខ្មៅ ខេត្តកណ្តាល។

កញ្ញា មាសតឿ ឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនមួយនេះ ក្រៅពីផ្តល់ចំណេះដឹងអំពីប្រភេទទូកដែលស្ថិតនៅក្នុងសហព័ន្ធហើយនោះ វាក៍បានផ្តល់អត្ថប្រយោជន៍ជូនកីឡាករការិនី គ្រូ បង្វឹក និងប្រតិភូ យ៉ាងសំខាន់ផងដែរ ក្នុងនោះអត្ថប្រយោជន៍ទី១អាចដឹងពីប្រភេទទូកកំពុងហ្វឹកហាត់ និងប្រកួតមានឈ្មោះហៅថាទូកអ្វី?

ទី២ជ្រើសរើសកីឡាករការិនីល្អៗត្រៀមហ្វឹកហាត់ជម្រើសជាតិសម្រួចត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទី៣ផ្តល់ជូនបទដ្ឋានបច្ចេកទេសអំពីច្រវ៉ា និងខ្នាតទូកស្តង់ដាសម្រាប់ខេត្តនិមួយៗយកទៅផលិត ដើម្បីធ្វើការហ្វឹកហាត់ដោយខ្លួនឯង ឬក៍ចូលរួមប្រកួតនៅពេលខាងមុខ។

ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្តៃយ៍ សហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជា មានប្រសាសន៍ថា ដើម្បីទទួលបាននូវចំណេះដឹងកាន់តែទូលំទូលាយសិក្ខាកាមទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវគុណធម៍៥យ៉ាង គឺ ការចេះដឹង បទពិសោធន៍ សុច្ឆន្ទៈ ពេលវេលា និងការចេះរួមរស់ជាមួយគ្នាដោយយល់អាធ្យាស្រាយគ្នា។ គុណធម៍ទាំង៥នេះ និងជួយឲ្យយើងអាចរីកចំរើនទាំងសមត្ថភាព និងជោគជ័យក្នុងការងារជាក្រុមផងដែរ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំត្រងត្រាប់ក្រេបជញ្ជក់នូវចំណេះដែលផ្តល់ជូនក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកចំណេះដឹងដែលបានរៀនសូត្រនេះទៅប្រើប្រាស់ជួយពង្រឹងគុណភាពកីឡាករការិនីនៅមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណីទូកនាគ និងទូកកានូ កាយ៉ាក់ លើកទី២ ឆ្នាំ២០២០មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ ទី២៧ និងបញ្ចប់នៅថ្ងៃទី២៨ ខែ មករា ដោយមានសិក្ខាកាមចូលរួមចំនួន១២៨នាក់ សិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់លើប្រភេទទូកប្រពៃណី ទូកនាគ និងទូកកានូ កាយ៉ាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner