រដ្ឋបាលស្រុកមង្គលបូរី ប្រកាសឱ្យពលរដ្ឋរស់នៅបណ្តោយ ស្ទឹងមង្គលបូរី ប្រុងប្រយ័ត្នខ្ពស់ ពីមហន្តរាយទឹកជំនន់ ដំណាំស្រូវជាង ៥០០ហិចតាលិចលង់

បន្ទាយមានជ័យ ៖ រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១ ប្រកាសឱ្យបងប្អូនរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមប្រុងប្រយ័ត្នខ្ពស់បំផុតពីគ្រោះមហន្តរាយដែលនឹងអាចកើតឡើងដោយទឹកជំនន់ ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ឱ្យដឹងថ្ងៃទី២១ ខែកញ្ញានេះថា បងប្អូនរស់នៅបណ្តោយដងស្ទឹងមង្គលបូរី ត្រូវប្រុងប្រយ័ត្ន ដោយសារថា សញ្ញាគ្រោះថ្នាក់នឹងមកដល់ ត្បិតភ្លៀងនៅធ្លាក់ជាបន្តបន្ទាប់ ហើយទឹកជំនន់ចេះតែហក់ឡើង ។ ដូចនេះសូមត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយដឹកជញ្ជូនទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាព ដើម្បីសង្រ្គោះអាយុជីវិតយើង ។

កាលពីថ្ងៃទី២០ ខែកញ្ញា រដ្ឋបាលស្រុកក៏បានចេញប្រកាសព័ត៌មានមួយ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី មេត្តាជ្រាបថា ដោយពិនិត្យឃើញថាស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះនិងស្ថានភាពទឹកហូរធ្លាក់ពីខាងលើតាមបណ្តោយស្ទឹងមង្គលបូរី ក្នុងភូមិស្រុកបវេល ខេត្តបាត់ដំបង និងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំងនិងអាចបង្កជាផលប៉ះពាល់ដល់អាយុជីវីតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម ។

លិខិតបានបន្តថា ហេតុនេះ សូមបងប្អូន ពិសេសពលរដ្ឋរស់នៅបណ្តោយដងស្ទឹងសូមចូលរួមនិងយកចិត្តទុកដាក់ខ្ពស់និងអនុវត្តវិធានការដូចខាងក្រោម
១/ត្រៀមស្បៀងនិងថ្នាំសង្គូវ ។ ២/ រៀបចំទុកដាក់ឯកសារសំខាន់អោយគង់វង្ស ។ ៣/ត្រៀមមធ្យោបាយទុកដឹកជញ្ជូនឬជន្លៀស ។
៤/ ប្រយ័ត្នក្មែង មនុស្សចាស់លេងទឹក ។ ៥/ ពេលទឹកជន់ឡើងត្រូវបិទចរន្តអគ្គីសនី ប្រយ័ត្នសត្វអសិរពិស ។

លោកអភិបាលស្រុកឱ្យដឹងបន្ថែមនៅថ្ងៃទី២១ ខែកញ្ញានេះថា ៖ ជំនន់ទឹកភ្លៀងនិងទឺកជំនន់ មកទល់ពេលនេះ នៅបន្តហក់ឡើង ហើយចាប់ផ្តើមខ្ជាក់ចេញពីពោះស្ទឹងហើយ ។

ក្នុងនោះបង្កឱ្យលិចលង់ ប៉ះពាល់ដល់ដំណាំស្រូវវស្សា ឬស្រូវលើកទី២ នៅបណ្តោយដងស្ទឹងប្រមាណ ៣០០ហិចតានៅឃុំសឿ, ជាង ១០០ហិចតានៅឃុំចំណោម និងជាង ១០០ហិចតាទៀតនៅឃុំរហាត់ទឹក និងបត់ត្រង់ ៕
ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner