អភិបាល ខេត្តកណ្តាលដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយបាតុភាពរវាងម្ចាស់សត្តឃាតនិងប្រជាពលរដ្ឋទិញលក់សាច់ពពែ នៅក្នុងស្រុកពញាឮ
ឯកឧត្តម គង់ សោភ័ណ្អភិបាលនៃគណះអភិបាល ខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំសម្របសម្រួល ដោះស្រាយបាតុភាពរវាងម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករទិញលក់សាច់ពពែ រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល នៅសាលាស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ
២០២១ ។
ជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារ គឺមិនមានការហាមឃាត់នោះទេ ប៉ុន្តែករណីនេះ ជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។
ការធ្វើអាជីវកម្មសត្តឃាត មានមណ្ឌលសត្តឃាត មានផលល្អច្រើនទាំង សុវត្ថិភាព សុខភាព និងបរិស្ថានសង្គម ជាពិសេសជួយដល់បងប្អូនអាជីវករ ពីការរំខាន ដោយសម្លេង និងការចោលកាកសំណល់ផ្សេងៗ។ ទន្ទឹមនេះ អាជីវកម្មរបស់បងប្អូន ក៏មានការទទួលស្គាល់ និងការពារពីអាជ្ញាធរពាក់ព័ន្ធដែរ។
ប្រជាពលរដ្ឋជាអាជីវករទាំង២៥គ្រួសារ បានសំណូមពរដល់ម្ចាស់សត្តឃាតដ្ឋានយកកម្រៃសេវាក្នុងតម្លៃ ៤,០០០រៀល ក្នុង០១ក្បាល ដោយមានអុស ខ្ទះគ្រប់ចំនួនតាមគ្រួសារ និងប្រកបដោយអនាម័យត្រឹមត្រូវ។
ក្រោយការសម្របសម្រួលម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមឯកភាពយកតម្លៃ ៤,០០០រៀល ក្នុងការសំឡេះសត្វពពែ ០១ក្បាល ដោយមានអុស ប្រកបដោយអនាម័យត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំតំបូង និងសុំឡើងតម្លៃ ៥,០០០រៀល ក្នុង០១ក្បាល នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់ តាមរយៈរដ្ឋបាលខេត្តកណ្តាល។
ចំពោះសំណូមពររបស់ម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករ លើបញ្ហានេះ ខ្ញុំបាទនឹងធ្វើរបាយការណ៍គោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំគោលការណ៍សំរេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិចារណាលើការលើកលែងចំពោះសំណូមពរខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ។
ចំពោះមុខដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងថា ផ្លូវទៅកាន់ទីតាំងសត្តឃាតដ្ឋានមានការលំបាកក្នុងការធ្វើដំណើរចេញចូល ខ្ញុំបាទសន្យានឹងជួយស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែងប្រមាណ១០០០ម៉ែត្រ និងបំពាក់ទៅដោយភ្លើងបំភ្លឺសូឡា តាមផ្លូវទៅទីតាំងសត្តឃាតដ្ឋាននោះផងដែរ។
ជាមួយគ្នានេះដែរ ក្រុមមន្រ្តីសមត្ថកិច្ចអនុវត្តច្បាប់ដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើប្រជាពលរដ្ឋនាថ្ងៃប៉ះទង្គិចគ្នានោះ សូមសំដែងនូវការសោកស្តាយ និងសូមអភ័យទោសចំពោះពាក្យសំដីលើសលស់ ទៅលើបងប្អូនប្រជាពលរដ្ឋ និងបានសន្យាចំពោះមុខ ថ្នាក់ដឹកនាំគ្រប់រូប គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ ដោយសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះតទៅទៀត ដោយសូមកែសម្រួលឥរិយាបទ ក្នុងការនិយាយស្តី និងទង្វើរឲ្យបានល្អប្រសើរសក្តិសមជាមន្រ្តីបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដរបស់ សម្តេចតេជោ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
សូមរំលឹកជម្រាបជូនផងដែរថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក កន្លងទៅថ្មីៗនេះ នៅចំណុចភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានការឃាត់សួររបស់មន្ត្រីបសុពេទ្យខេត្តកណ្តាល ទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាម ដែលការណ៍នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់មានការបង្ហោះវីដេអូឃ្លីប ចូលក្នុងហ្វេសប៊ុកផេកផ្លូវការ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំឲ្យមានការខមមិនវែកញែក រកខុស ត្រូវទៅលើគូភាគីទាំងពីរជាច្រើននៅលើបណ្តាញផ្សព្វផ្សាយសង្គមពីសំណាក់បងប្អូនប្រជាពលរដ្ឋ យ៉ាងផុលផុស៕ដោយ-រ៉ាវុធ




