ប៉ូឡូញថ្កោលទោសបេឡារុស និងបញ្ជូនកងទ័ពបន្ថែមទៀតទៅព្រំដែន

ប៉ូឡូញ​ថ្កោល​ទោស​​បេឡារុស​កាល​ពី​ថ្ងៃ​ចន្ទ​ ចំពោះ​អ្វី​ដែល​មន្រ្តី​របស់​ខ្លួន​ពិពណ៌នា​ថា​ជា​ ការ​បង្ក​ព្យុះ​ភ្លៀង​តាម​ព្រំដែន​ បន្ទាប់​ពី​មនុស្ស​ ៤ ​នាក់​ដែល​គេ​ជឿ​ថា​ជា​ជន​ភៀស​ខ្លួន​​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​កាល​ពី​ថ្ងៃ​មុន​ ក្រោយ​ព្យាយាម​ភៀស​ខ្លួន​ចូល​ក្នុង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ​។​ ​

​បន្ថែម​ពី​នេះ​ រដ្ឋាភិបាល​ក្រុង​វ៉ាសូវី​​ក៏​នឹង​បញ្ជូន​កង​ទ័ព​បន្ថែម​ ៥០០ ​នាក់​ទៀត​ និងរថយន្ត​ជំនាញ​ចំនួន​ ៨ ​គ្រឿង​​ទៅ​​តំបន់​​ព្រំដែន​នៅ​សប្ដាហ៍​នេះ​​ ដើម្បី​ពង្រឹង​ការ​ប្រឆាំង​នឹង​កំណើន​នៃ​សម្ពាធ​ជន​អន្តោ​ប្រវេសន៍​ដែល​ខ្លួន​និយាយ​ថា ​​បេឡារុស​និង​រុស្ស៊ី​ជាអ្ន​កដឹ​ក​នាំ​ដើម្បី​ធ្វើឱ្យ​អស្ថិរភាព​សហភាព​អឺរ៉ុប​ និង​រដ្ឋ​ជាស​មាជិក​ទាំង​ ២៧ ​របស់​ខ្លួន​។​

​នាយក​រដ្ឋ​មន្រ្តី​ប៉ូឡូញ​លោក​ Mateusz Morawiecki​ ​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋ​មន្ត្រី​មហាផ្ទៃ​ និង​ជា​ប្រធាន​ឆ្មាំ​ព្រំដែន​លោក​ Mariusz Kaminski ​ថា​៖​ «​យើង​កំពុង​ដោះ​ស្រាយ​ជាមួយ​សកម្មភាព​​ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ក្រុង​មីនស្ក៍ ​និង​ម៉ូស្គូ។​​ យើង​នឹង​ការពារ​ព្រំដែន​ប៉ូឡូញ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះ​មុត​»​។​

​​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាម​ៗ​យ៉ាង​ណា​ពី​រដ្ឋាភិបាល​ក្រុង​មីនស្ក៍​ និង​ម៉ូស្គូ​ចំពោះ​ការ​ចោទ​ប្រកាន់​ថ្មី​ៗ​របស់​នាយក​រដ្ឋ​មន្រ្តី​ប៉ូឡូញ​នោះ​ទេ​។​

មន្រ្តី​ប៉ូឡូញ​​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ សាក​សព​មនុស្ស​បី​នាក់​ដែល​ប្រហែល​ជា​ជន​ជាតិ​អ៊ីរ៉ាក់​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​ព្រំដែន​ប៉ូឡូញ​ ខណៈ​អាជ្ញាធរ​បេឡារុស​ប្រកាស​ថា​ស្ត្រី​អ៊ីរ៉ាក់​ម្នាក់​ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​មួយ​ម៉ែត្រ​ពី​ព្រំដែន​។​ ប្តី​របស់​ស្ត្រី​រូប​នេះ​ ប្រាប់​ទីភ្នាក់ងារ​រដ្ឋ​បេឡារុស​ BelTA ​ថា​ ក្រុម​គ្រួសារ​របស់​ខ្លួន​ត្រូវ​បាន​ប៉ូលីស​ការពារ​ព្រំដែន​ប៉ូឡូញ​រុញ​ចូល​ទៅ​ក្នុង​ដែនដីបេ​ឡារុស​វិញ​។​

ប៉ូឡូញ ​និង​លីទុយអានី​​ដែល​ជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ដូច​គ្នា​និយាយ​ថា​ សម្ពាធ​តាម​ព្រំដែន​គឺ​ជា​ផ្នែក​មួយ​នៃ​ «​ការ​វាយ​ប្រហារ​»​ ដោយ​របប​លោក​ Alexander Lukashenko ​ដែល​ជា​ប្រធានាធិបតី​បេឡារុស​ក្នុង​គោល​បំណង​តែ​មួយ​គត់​គឺ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ទៅ​​ជា​អស្ថិរភាព​ ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​នយោបាយរ​បស់​ប្លុក​នេះ​លើ​រដ្ឋាភិបាល​ខ្លួន​។​

​ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក​ មនុស្ស​រាប់ពា​ន់នា​ក់ដែ​លភា​គ​ច្រើន​មក​ពី​មជ្ឈឹម​បូព៌ា​ និង​អាហ្វហ្គានីស្ថាន​ ​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​រួម​របស់​បេឡារុស​ជាមួយ​ប៉ូឡូញ​ ឡេតូនី​ និង​លីទុយអានី​។​ ក្រុម​សិទ្ធិ​មនុស្ស​អះ​អាង​ថា​ រដ្ឋាភិបាល​ប៉ូឡូញ​​កំពុង​ធ្វើ​ការ​រុញ​ច្រាន​​ជន​អន្តោប្រវេសន៍​ទៅ​​បេឡារុស​វិញ​ ដែល​ជា​សកម្មភាព​មួយ​​ខុស​នឹង​ច្បាប់​អន្តរជាតិ​។​

ប្រភព៖ DW

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner