មេធាវី៖ អ៊ុងសាន ស៊ូជី មិនប្រឆាំងនឹងការប្រកាសសង្គ្រាមរបស់ NUG ប្រឆាំងនឹងយោធាទេ

អ្នកស្រី​ អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា ច្រាន​ចោល​លើ​ពាក្យ​ចចាមអារ៉ាម​ ដែល​ថា​អ្នកស្រី​មិន​គាំទ្រ​នឹង​ការ​ប្រកាស​ «សង្គ្រាម​ការពារ​ប្រជាជន» របស់​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា NUG ប្រឆាំង​នឹង​រដ្ឋ​អំណាច​យោធា​នោះ​ទេ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Khin Maung Zaw មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ស្រី​កាល​ពី​ថ្ងៃ​ច័ន្ទ។

ក្រោយ​ពី​ខាង NUG ប្រកូកប្រកាស​ឱ្យ​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​យោធា មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា អ្នកស្រី ស៊ូជី មិន​គាំទ្រ​លើ​វិធីសាស្ត្រ​នេះ​ទេ ហើយ​នៅ​តែ​ចង់​ប្រកាន់​ខ្ជាប់​នូវ​វិធីសាស្ត្រ​បែប​អហិង្សា និង​ប្រកប​ដោយ​សន្តិវិធី។

​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​ថា អ្នកស្រី​ច្រាន​ចោល​លើ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ ហើយ​សុំ​មិន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឡើយ។ យ៉ាងណាមិញ សារព័ត៌មាន​មីយ៉ាន់ម៉ា Irrawaddy បាន​ចុះ​ផ្សាយ​ថា អ្នកស្រី​មិន​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ។

«នៅ​ពេល​យើង​ប្រាប់​គាត់​អំពី​ព័ត៌មាន​នោះ [សំដៅ​លើ​ពាក្យ​ចចាមអារ៉ាម] អ្នកស្រី​ក៏​បាន​សួរ​ថា “តើ​ប្រជាជន​ជឿ​ដែរ​ទេ?” ហើយ​បន្ថែម​ថា “ខ្ញុំ​មិន​ដែល​និយាយ​ពាក្យ​ណា​ ដែល​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ”។

អ្នកស្រី​ ស៊ូជី កំពុង​រង​ការ​ចោទ​ប្រកាន់​រហូត​ដល់​ទៅ ១១បទ​ល្មើស​ ហើយ​អាច​ប្រឈម​មុខ​នឹង​ពន្ធនាគារ​សរុប​អាច​ដល់​ទៅ ១០០ឆ្នាំ​ឯណោះ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner