សហភាពអឺរ៉ុបគាំទ្របារាំងក្នុងជម្លោះនាវាមុជទឹកជាមួយនឹងអូស្ត្រាលី និងអាមេរិក
កាលពីថ្ងៃចន្ទ ទី២០ កញ្ញា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសសហភាពអឺរ៉ុបបានសម្ដែងការគាំទ្រ និងសាមគ្គីភាពជាមួយនឹងប្រទេសបារាំង នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉កដើម្បីពិភាក្សាពីការសម្រេចចិត្តរបស់អូស្ត្រាលីលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃ ៤០ ពាន់លានដុល្លារជាមួយក្រុងប៉ារីស ដើម្បីជ្រើសរើសជម្រើសអាមេរិក និងអង់គ្លេសវិញ។
ថ្លែងបន្ទាប់កិច្ចប្រជុំបិទទ្វារនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកចូសេប ប៉ូរេលបាននិយាយថា «កិច្ចសហប្រតិបត្តិការកាន់តែច្រើន ការសម្របសម្រួលកាន់តែច្រើន ការបែកខ្ញែកកាន់តែតិច» គឺសំខាន់សម្រាប់ការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានស្ថិរភាព និងសន្តិភាព។
កាលពីសប្ដាហ៍មុនអូស្ត្រាលីបានប្រកាសលុបចោលការបញ្ជាទិញនាវាមុជទឹកដើរដោយឥន្ធនៈម៉ាស៊ូតពីបារាំង ដើម្បីចាប់ផ្ដើមសាងសង់នាវាមុជទឹកខ្លួនឯងដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរចែករំលែកដោយអាមេរិក និងអង់គ្លេស បន្ទាប់ពីបានធ្វើភាពជាដៃគូសន្តិសុខជាមួយប្រទេសទាំងនោះក្រោមឈ្មោះ AUKUS។
ការសម្រេចចិត្តនេះបានធ្វើឱ្យប្រទេសបារាំងខឹងសម្បារ ហើយកាលពីថ្ងៃចន្ទរដ្ឋមន្ត្រីការបរទេសបារាំងលោកហ្សង់-អ៊ីវ ឡឺ ដ្រីអង់ បានចោទប្រកាន់រដ្ឋបាលប្រធានាធិបតីអាមេរិកលោកចូ បៃដិនថាបន្តនិន្នាការនយោបាយរបស់អ្នកកាន់តំណែងលោកដូណាល់ ត្រាំ ដូចជា «ឯកតោភាគីនិយម មិនអាចទាយទុកជាមុនបាន ឃោរឃៅ និងមិនគោរពដៃគូ»។
«យើងជាសម្ព័ន្ធមិត្ត យើងនិយាយគ្នា ហើយកុំលាក់យុទ្ធសាស្ត្រលម្អិតផ្សេងៗ។ នោះហើយជាមូលហេតុដែលមានវិបត្តិទំនុកចិត្ត» លោកឡឺ ដ្រីអង់និយាយបែបនេះ ហើយបន្តទៀតថា៖ «ដូច្នេះអ្វីៗទាំងអស់ ត្រូវការការបំភ្លឺ និងការពន្យល់ វាអាចត្រូវការពេលវេលា»។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកឆាល មីសែលបាននិយាយថាលោកពិបាកយល់ពីការសម្រេចចិត្តរបស់អូស្ត្រាលី អង់គ្លេស និងអាមេរិក។
លោកនិយាយនៅទីក្រុងញូវយ៉កថា៖ «ហេតុអ្វី? ពីព្រោះជាមួយរដ្ឋបាលថ្មីរបស់ចូ បៃដិន អាមេរិកត្រលប់មកវិញហើយ។ នេះគឺជាសារប្រវត្តិសាស្ត្រដែលផ្ញើដោយរដ្ឋបាលថ្មីនេះ ហើយឥឡូវនេះយើងមានសំណួរ។ តើវាមានន័យយ៉ាងដូចម្ដេច – អាមេរិកត្រលប់មកវិញហើយ តើអាមេរិចត្រលប់មកវិញនៅអាមេរិក ឬនៅកន្លែងផ្សេងទៀត? យើងមិនដឹងទេ»។
លោកនិយាយថាប្រសិនបើចិនជាការផ្តោតសំខាន់សម្រាប់វ៉ាស៊ីនតោននោះវាពិតជា«ចម្លែកខ្លាំងណាស់» សម្រាប់សហរដ្ឋអាមេរិកក្នុងការសហការជាមួយអូស្ត្រាលី និងអង់គ្លេស ដោយនិយាយថាការសម្រេចចិត្តនេះអាចធ្វើឱ្យសម្ព័ន្ធភាពអាត្លង់ទិចទុនខ្សោយ។
មន្ត្រីជាន់ខ្ពស់ មកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នានៅទីក្រុងភីតសបឺគរដ្ឋផេនស៊ីលវ៉ានីសហរដ្ឋអាមេរិកនៅចុងខែនេះ សម្រាប់កិច្ចប្រជុំបើកសម្ពោធក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាអាមេរិក-សហភាពអឺរ៉ុប ដែលទើបបង្កើតថ្មី ប៉ុន្តែលោកមីសែលបាននិយាយថាសមាជិកសហភាពអឺរ៉ុបខ្លះកំពុងជំរុញឱ្យមានការពន្យារពេលកិច្ចប្រជុំនេះ៕



ប្រភព៖ Reuters