ពិធីបុណ្យចូលឆ្នាំចិនភ្ញៀវទេសចរទៅកម្សាន្តនៅកែប ច្រើនជាងទៅកម្សាន្តនៅកំពត
កំពត និងកែប ជាខេត្តជាប់មាត់សមុទ្រដែលមានព្រំប្រទល់ជាប់គ្នា និងមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រហាក់ប្រហែលគ្នា។ រាល់ពេលមានពិធីបុណ្យទាន ឬថ្ងៃចុងសប្តាហ៍ ខេត្តទាំងពីរនេះតែងតែមានភ្ញៀវជាតិ និងអន្តជាតិមកកម្សាន្តយ៉ាងច្រើន ។ ជាក់ស្តែង សម្រាប់ពិធីបុណ្យចូលឆ្នាំចិន រយៈពេលពីរថ្ងៃ (២៥ ដល់ ២៦) ខែមករា ឆ្នាំ២០២០នេះ ខេត្តកែប មានភ្ញៀវ សរុបប្រមាណ ជាង១៤ម៉ឺននាក់ ចំណែកខេត្តកំពតមានចំនួនប្រមាណ ៨ម៉ឺននាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ខេត្តកែប មានទេចរមកកម្សាន្តកើនឡើងជាលំដាប់ ដោយសារតែការរៀបចំ សោភ័ណ្ឌភាព អនាម័យ បរិស្ថានល្អស្អាត ពិសេសសេវាកម្មទេសចរណ៍ផ្សេងៗ មានលក្ខណៈល្អប្រសើរឡើង។ សម្រាប់ពីធីបុណ្យចូលឆ្នាំចិន និង វៀតណាមរយៈពេលពីរថ្ងៃ គិតពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តកែបមានភ្ញៀវមកទស្សនា សរុបចំនួន ១៤៣.៣៣៦នាក់ កើនឡើង ៧,៤៩%បើធៀបនឹងពេលដូចគ្នាឆ្នាំ ២០១៩កន្លងទៅ។
ក្នុងនោះភ្ញៀវជាតិ មានចំនួន ១៣៨.៦៩៨នាក់ កើនឡើង ៧, ៣៥% ចំណែកភ្ញៀវបរទេស ៤.៦៣៨នាក់ កើនឡើង១១,៩២%។
លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ស្ថានភាពរៀបចំសណ្តាប់ធ្នាប់ ផ្សេងៗ មានភាពល្អប្រសើរ ទាំងការរៀបចំបញ្ជាការធ្វើចរាចរបញ្ចៀសការកកស្ទះ និងការរៀបចំសណ្តាប់ធ្នាប់តូប និងកន្លែងអង្គុយសម្រាកលំហែរជាដើម។
ចំណែកខេត្តកំពត ដែលទើបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ក៏មានទេសចរមកកម្សាន្តច្រើនណាស់ដែរ ពិសេសនៅថ្ងៃទី ២៦ ខែមករា មានការកកស្ទះរថយន្តបន្តិចបន្តួចដែរ នៅតាមបណ្តាផ្លូវសំខាន់ៗនៅក្នុងក្រុង បើទោះជាមានការជួយសម្រួលចរាចរពីកងកម្លាំងជំនាញនៃស្នងការដ្ឋាន និងអាវុធហត្ថខេត្ត។
ការកកស្ទះដោយសារតែភ្ញៀវទេសចរចម្រុកមកច្រើន ខណៈខេត្តកំពតស្ពានសម្រាប់រថយន្តឆ្លងកាត់តែមួយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានឲ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃនៃ ពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខេត្តកំពតមានភ្ញៀវមកកម្សាន្ត ប្រមាណ ៨ម៉ឺននាក់ គឺកើនឡើងក្នុងអត្រាប្រមាណ២០% បើប្រៀបធៀបពេលដូចគ្នា នៅឆ្នាំ ២០១៩កន្លងទៅ ។ លោក សយ ស៊ីណុល បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំចិន២០២០នេះ ភ្ញៀវភាគច្រើន ទៅកម្សាន្តនៅរមណីយដ្ឋាននានា ក្នុងតំបន់ទឹកឈូ និងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ៕ធ.ដ
Sila sarin