ស្របពេលដែលការបោះឆ្នោតសភារុស្ស៊ីបានចាប់ផ្ដើម កម្មវិធីបោះឆ្នោតលើទូរស័ព្ទត្រូវបានដកចេញពីប្រព័ន្ធទាញយកកម្មវិធីរបស់ក្រុមហ៊ុន Google និង Apple នៅរុស្ស៊ី
ស្របពេលដែលការបោះឆ្នោតសភារុស្ស៊ីបានចាប់ផ្ដើម កម្មវិធីបោះឆ្នោតលើទូរស័ព្ទឈ្មោះថា Navalny ដែលបង្កើតឡើងដោយសម្ព័ន្ធមិត្តនៃក្រុមអ្នករិះគន់វិមានក្រឹមឡាំងលោក Alexey Navalny ត្រូវបានដកចេញពីប្រព័ន្ធទាញយកកម្មវិធីតាមរយៈអ៊ីនធឺណិតរបស់ក្រុមហ៊ុន Google និង Apple នៅរុស្ស៊ី ។
ការដកចេញនូវកម្មវិធីនេះ បណ្ដាលមកពីមានមាតិកាដែលត្រូវបានគេចាត់ទុកថាខុសច្បាប់របស់ប្រទេស ព្រោះរដ្ឋាភិបាលរុស្ស៊ីបានកំណត់មូលដ្ឋានគ្រឹះនៃការប្រឆាំងអំពើពុករលួយរបស់ក្រុមអ្នករិះគន់ថា “ជ្រុលនិយម”។
កម្មវិធីនេះ មានរួមបញ្ចូលនូវអនុសាសន៍សម្រាប់យុទ្ធសាស្ដ្របោះឆ្នោតឆ្លាតវៃ (Smart Voting) របស់មេបក្សប្រឆាំងដែលជំរុញឱ្យប្រជាជនរុស្ស៊ីបោះឆ្នោតគាំទ្របេក្ខជនឈរឈ្មោះដែលមានសមត្ថភាពខ្ពស់ ក្នុងការយកឈ្នះបេក្ខជននៃគណបក្សកាន់អំណាចគឺ United Russia ក្នុងការបោះឆ្នោតនៃរដ្ឋ Duma។
លេខារបស់លោក Navalny លោក Kira Yarmysh និយាយថា៖ “ការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងពីរនេះ គឺពិតជាគួរឱ្យខកចិត្តយ៉ាងខ្លាំងនិងជាទង្វើនៃការចាប់ពិរុទ្ធនយោបាយ”។
ក្រុមហ៊ុន Apple និង Google មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយស្តីពីការដកចេញនូវកម្មវិធីបោះឆ្នោតនេះនៅឡើយទេ។

ប្រភព៖ CNN