ក្លិបកីឡាវ៉ូវីណាមតារាជអង្គរ ឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតកីឡាវ៉ូវីណាម ជើងឯកជាតិ
ក្លិបកីឡាវ៉ូវីណាមតារាជអង្គរ ឈ្នះមេដាយច្រើនជាងគេ សរុបចំនួន១៣គ្រឿង មាស៤ ប្រាក់៥ និងសំរិទ្ធ៤គ្រឿង ខណៈក្លិបក្រសួងមហាផ្ទៃ និងក្លិបក្រសួងការពារជាតិ ដណ្តើមបានមេដាយ ៨គ្រឿង ដូចគ្នា ។ ពីធីបិទការប្រកួតមានការអញ្ជើញចូលរួម ពីសំណាក់ ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងឯ ឧ ស៊ូម សារឿន ប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជា ។
តាមការបញ្ជាក់ពី លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម បានអោយដឹងថា ក្លិបកីឡាវ៉ូវីណាមតារាជអង្គរ (ខេត្តសៀមរាប) ដណ្តើមបានមេដាយសរុប១៣គ្រឿង មាស៤ ប្រាក់៥ និងសំរិទ្ធ៤គ្រឿង ក្លិបក្រសួងមហាផ្ទៃ និងក្លិបក្រសួងការពារជាតិដណ្តើម មេដាយចំនួន៨គ្រឿង មាស៤ ប្រាក់៣ និងសំរិទ្ធ១ ដូចគ្នា ។ ចំណែកក្លិបកីឡាវ៉ូវីណាមវិទ្យាល័យច្បារអំពៅ ដណ្តើមបានមេដាយ១០ មាស៣ ប្រាក់២ និងសំរិទ្ធ៥គ្រឿង និងក្លិបកីឡាវ៉ូវីណាមអង្គការសង្គ្រោះកុមារដណ្តើមបានមេដាយ១៣គ្រឿង មាស៣ ប្រាក់១ សំរិទ្ធ៩គ្រឿង ។ ដោយឡែកក្លិបកីឡាវ៉ូវីណាមតាឡីកុមារ ក្លិបកីឡាវ៉ូវីណាមខេត្តប៉ៃលិន និងក្លិបកីឡាវ៉ូវីណាមវិទ្យាល័យវត្តកោះ ដណ្តើមបានមេដាយ មាស ប្រាក់ សំរិទ្ធដូចគ្នាផងដែរ ។
ថ្លែងក្នុងពិធីបិទ ឯ ឧ អ៊ុក សិទ្ធិជាតិ បានក្រើនរំលឹកនិងផ្ដល់នូវអនុសាសន៍មួយចំនួនដល់សហព័ន្ធកីឡាជាតិ ក្នុងការពង្រឹង និងអភិវឌ្ឍបន្ថែម សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២នាពេលខាងមុខ៖ ១.ជ្រើសរើសកីឡាករកីឡាការិនីឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងតម្លាភាព
២.ជ្រើសរើសគ្រូបង្វឹក គ្រូជំនួយត្រូវតាមគោលការណ៍ តាមលក្ខខណ្ឌក្រសួងអប់រំ
៣.ប្រើប្រាស់ថវិការគាំទ្ររបស់ក្រសួងអប់រំ ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាពដើម្បីពន្លឿនការអភិវឌ្ឍកីឡាឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខ
៤. ថែរទាំកីឡាករ កីឡាការនី ឲ្យបានល្អរហូតដល់ឆ្នាំ២០២៣ ។ ឯ ឧ អគ្គនាយកកីឡា បានបន្តទៀតថា សមិទ្ធផលខាងលើនេះគឺមិនអាចកាត់ផ្ដាច់បានពីនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសយើងមានសុខសន្តិភាពរហូតដល់សព្វថ្ងៃ និងមានការរីកចំរើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម័ន្ធ និងសេដ្ឋកិច្ចជាតិ ជាពិសេសវិស័យកីឡាក៏មានការរីកចំរើនគួរជាទីមោទន ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធកម្រិតពិភពលោកជាបន្តបន្ទាប់ជូនកម្ពុជា ជាច្រើនផងដែរ ៕