ជនល្មើស២នាក់ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញចាប់បញ្ចូនទៅតុលាការ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យបានបញ្ចូនជនសង្ស័យ២នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៩៣ កែងផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២១ និង ១០ នាទី ព្រមទាំងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងកាបូបរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធីផងដែរ ។
ជនសង្ស័យទាំង២នាក់ខាងលើរួមមាន ៖ ទី១-ឈ្មោះ ពូន សុទ្ធី ហៅ ហ្វី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តដឹកសិស្ស ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ហែម ចំរើន ហៅ សក្តិ ភេទ ប្រុស អាយុ ១៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ ដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះកម្លាំងជំនាញបានដកហូតវត្ថុតាង ៖ -ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ភ្នំពេញ១IB ៥៥៨០ ។ – កាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន ០១ ,ប្រាក់ដុល្លារ ចំនួន ៨០ ដុល្លារអាមេរិក ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ ទឹកប្រាក់ និងសម្ភារៈមួយចំនួនទៀត ។
ចំណែកជនរងគ្រោះមានឈ្មោះ ZHANG YANLING ភេទ ស្រី អាយុ ៤១ ឆ្នាំជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E១៨២៤៨៧១២ ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នពេញ មុខរបរ ទេសចរណ៍ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាលយ័កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕