សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចសុីស330 បុកគូទរថយន្តតូយូតាព្រូសរុញទៅបុកម៉ូតូកង់បីឥណ្ឌាបន្តកន្ទុយគ្នា៤គ្រឿងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ ម៉ូតូកង់បីឥណ្ឌាចំនួន៤ គ្រឿងនិងរថយន្តតូយូតាព្រូសមួយគ្រឿងកំពុងឈប់បន្តកន្ទុយគ្នានៅចំណុចភ្លើងស្តុបត្រូវរថយន្តឡិចសុីសRX-330 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបានមកបុកពីក្រោយរុញទៅបុកបន្តកន្ទុយគ្នារងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០ នៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាចំនួន ៤គ្រឿងនឹងរថយន្ត តូយូតា ព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-5857បានឈប់បន្តកន្ទុយគ្នានៅចំណុចកើតហេតុខាងលើតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅលិចកើត ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX- 330 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AP-1901បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាជោគធ្វើដំណើរមកពីក្រោយជ្រុលទៅបុកគូថរថយន្តតូយូតាព្រូសពេញទំហឹងបណ្ដាលឲ្យរថយន្តតូយូតាព្រូសរុញទៅបុកម៉ូតូកង់បី បន្តកន្ទុយគ្នាចំនួន៤ គ្រឿងបណ្ដាលឱ្យរថយន្ដនិងម៉ូតូកង់បីរងការខូចខាតយ៉ាងដំណំ។បន្ទាប់មកម៉ូតូកង់បីចំនួនពីរគ្រឿងរងការខូចខាតបន្តិចបន្តួចម្ចាស់មិនចង់មានរឿងឆ្ងាយវែងឆ្ងាយបានបើកចេញទៅបាត់បន្សល់ទុកម៉ូតូកង់បីចំនួន២ គ្រឿងនិងរថយន្តចំនួន មួយ គ្រឿងនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងមានសំណាងភាគីរថយន្តទាំងសងខាងចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការសម្រុះសម្រួលគ្នាដោយខាងតំណាងភាគីរថយន្តបង្កបានចេញសំណងទៅឲ្យ ម៉ូតូកង់បីមួយគ្រឿងចំនួន២០ដុល្លារនិងកងបីមួយគ្រឿងទៀតចំនួន ៦០ ម៉ឺនរៀលចំណែករថយន្តខាងភាគីបង្កចេញសំណងចំនួន ១៧០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕