ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនស៊ីភី
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ធុរជន ថៃ របស់ក្រុមហ៊ុនស៊ីភី (CP) ដើម្បីពិភាក្សាការងារ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងកិច្ចប្រជុំនេះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាប ជូនពី គោលបំណង ក្នុងការ ពិនិត្យ លើការ ផលិត គ្រាប់ កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែល ទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។
ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ បញ្ជាក់ដល់ក្រុមហ៊ុនស៊ីភីថា ការដាំដុះដំណាំកាហ្វេ គឺមានច្រើននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយ លើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី ចុះពិនិត្យ ដោយ ផ្ទាល់ និងសហការជាមួយ សហគមន៍ ផលិត គ្រាប់ កាហ្វេ នៅ ទី នោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើក ទឹក ចិត្ត ឲ្យ ក្រុម ហ៊ុន ស៊ីភី បង្កើនប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឲ្យបានច្រើនលើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀត ជា ពិសេស ការកែច្នៃ អង្ករ ដំឡូងមី ពោត និងផលិតផលដទៃទៀត ដែលសុទ្ធ សឹង តែ ជា ផលិត ផល មាន សក្ដានុពល សម្រាប់ នាំ ចេញ។
គួរបញ្ចាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនស៊ីភី រួម បញ្ចូល ការផលិត ចំណី សត្វ ការ បង្កាត់ ពូជ សត្វ កសិដ្ឋាន បង្កាត់ ពូជ សត្វ និង ចិញ្ចឹមសត្វ ការកែច្នៃ សាច់ ការផលិត សាច់ ឆ្អិន ពាក់ កណ្តាល សម្រេច និង ផលិតផល អាហារ ឆ្អិន ស្រាប់។ ក្រុមហ៊ុន មាន គោលបំណង ផលិត ម្ហួប អាហារ ដែល មាន គុណភាព និង មាន សុវត្ថិភាព ខ្ពស់ បំផុត។ ក្រុមហ៊ុន ស៊ី.ភី បាន ធ្វើការ យ៉ាង សកម្ម ជាមួយ កសិករ កម្ពុជា ជាង ១០០០ នាក់ នៅ ទូទាំង ២៥ ខេត្ត ក្រុង ក្នុង វិស័យ កសិឧស្សាហកម្ម នៅ កម្ពុជា៕