ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កត់សម្គាល់ថា កម្ពុជាមានការអភិវឌ្ឍន៏លឿនណាស់ ពិសេសកំណើនសេដ្ឋកិច្ច ធ្វើឲ្យអត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងឆាប់រហ័ស
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន ក្រុម ប្រឹក្សា ស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ កាលរសៀលថ្ងៃទី២៣ មករា ឆ្នាំ២០២០ នៅទីស្តីការគណៈ រដ្ឋមន្ត្រី, ឯកឧត្តម ប៉ាតទ្រីក មឺហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជាបាននាំទំនិញទៅកាន់សហរដ្ឋអាមេរិកដូចជាសំលៀកបំពាក់ ស្បែកជើង កាបូប កសិផលជាដើម ក្នុងទំហំទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លា ហើយកម្ពុជានាំចូលទំនិញពីអាមេរិកមកវិញនៅមានចំនួនតិចនៅឡើយ។ ដូច្នេះ សហរដ្ឋអាមេរិកចង់ឲ្យមានការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្តមបានកត់សម្គាល់ឃើញថា កម្ពុជាមានការអភិវឌ្ឍន៏លឿនណាស់ ពិសេសកំណើនសេដ្ឋកិច្ច ធ្វើឲ្យអត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ឯកឧត្តម ប៉ាតទ្រីក មឺហ្វី បានបន្តថា ក្នុងនាមជាមិត្តដ៏ល្អ និងជាដៃគូអភិវឌ្ឍន៏, សហរដ្ឋអាមេរិកតែងយកចិត្តទុកដាក់ពីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយឯកឧត្តមពិតជារីករាយនៅពេលដែលចុះបេសកកម្មតាមបណ្តាខេត្តនានា បានមើលឃើញថា ការអភិវឌ្ឍន៍នៅតាមបណ្តាខេត្ត ស្រុក ក្រុង នានា ជាពិសេសការអភិវឌ្ឍន៍ភូមិ ឃុំ ។ ឯកឧត្តមបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ជាដៃគូរជួយលើវិស័យផលិតកម្មស្រូវអង្ករផងដែរ ដូច្នេះ អាមេរិកនឹងបន្តជួយដល់វិស័យនេះ ។ ក្នុងឱកាសប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា (១៩៥០-២០២០) ឯកឧត្តមអគ្គរដ្ឋទូតបានដាក់ចេញនូវប្រធានបទប្រចាំខែ ផងដែរ ដូចជា ខែមករាៈ ប្រធានបទទាក់ទងនឹងវិស័យកសិកម្ម, ខែកុម្ភៈ អប់រំ និងយុវជន, មិនាៈ ស្ត្រី និងសមភាពយ៉េនឌ័រ, មេសាៈ បរិស្ថាន, ឧសភាៈ សុខភាពសាធារណៈ, មិថុនាៈ សាមគ្គីភាពប្រជាជន និងប្រជាជន, កក្កដាៈ អបអរខួបលើកទី៧០ ចំណងការទូតកម្ពុជា-អាមេរិក, ខែសីហាៈ ជំនួយមនុស្សធម៌, ខែកញ្ញាៈ ពាណិជ្ជកម្ម និងវិនិយោគ, ខែតុលាៈ ពង្រឹងវិស័យច្បាប់, វិច្ឆិកាៈ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអាស៊ាន, ខែធ្នូៈ ប្រជាធិបតេយ្យ និងសិទ្ឋិមនុស្ស ហើយប្រធានបទភាគច្រើនមានសកម្មភាពដូចទៅនឹងសកម្មភាពរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័សកសិកម្ម និងជនបទ។ ជាមួយគ្នានោះ, ឯកឧត្កម ក៏ចាប់អារម្មណ៏ផងដែរពីការជម្រុញចលនាភូមិ១ផលិតផល១ផងដែរ ដែលមានចរិតជួយដល់កសិករ សិប្បករ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មានប្រសាសន៏ថា ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តីតែងតែដែលប្រកាន់យកនូវលទ្វិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍គោរពសិទ្ឋិមនុស្ស, សម្តេចតេជោ ហ៊ុន សែន តែងណែនាំដល់មន្ត្រីរាជរដ្ឋាភិបាលធ្វើកិច្ចសហការជាមួយសហរដ្ឋអាមេរិកឲ្យបានល្អ ពិសេសការពារអ្នកវិនិយោគស្របច្បាប់របស់អាមេរិក ក៏ដូចជាអ្នកវិនិយោគគិននានានៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម។ ឯកឧត្តម បញ្ជាក់ថា ក្រុម ប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ គឺជាសេនា ធិការ របស់រាជរដ្ឋាភិបាល និងជាអ្នកដឹកនាំសម្របសម្រួលក្រសួងពាក់ព័ន្ឋនានា ដូចជាក្រសួងកសិកម្ម ក្រសួងសុខាភិបាល និងក្រសួងអភិវឌ្ឍន៏ជនបទ ។ រាល់ការងារតាមវិស័យក្រោមការសម្របសម្រួលនិងទទួលខុសត្រូវរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺមិនអាចមានក្រសួងតែមួយ ឬស្ថាប័នតែមួយ សំរេចបាននូវ ការ អភិវឌ្ឍន៏ ណាមួយបានទេ វាទាមទារនូវការចូលរួមពីអន្តរវិស័យ។ បច្ចុប្បន្ន ក្រុមប្រឹក្សាស្តារនេះបាន និងកំពុងអនុវត្តនូវយុទ្ឋសាស្ត្រជាតិចំនួន២ គឺយុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងយុទ្ឋសាស្ត្រជាតិជម្រុញចលនាភូមិ១ផលិតផល១។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា អាណត្តិថ្មីនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានធ្វើការកែទម្រង់ខ្លះៗ ដើម្បីឲ្យស្របនឹងសភាពការណ៏ ក្នុងនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ទទួលខុសត្រូវលើការងារសន្តិសុខស្បៀង, រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ទទួលខុសត្រូវលើការងារអាហារូបត្ថម្ភ ដោយសហការជាមួយក្រសួងអភិវឌ្ឍន៏ជនបទលើវិស័យទឹកស្អាត និងអនាម័យ, ឯរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ទទួលខុសត្រូវលើការងារជម្រុញចលនាភូមិ១ផលិតផល១។
ជាទីបញ្ចប់, ឯកឧត្តឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ឯកឧត្តម ប៉ាទ្រីក មឺហ្វី សូមមានសុខភាពល្អ សម្រេចបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ដើម្បីជម្រុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-អាមេរិក កាន់តែល្អប្រសើរថែមទៀត៕