ទិវាអន្ដរជាតិនៃការអប់រំ លើកដំបូង នៅកម្ពុជា ដើម្បីលើកទឹកចិត្ដដល់គ្រូបង្រៀន និងអរគុណការអប់រំ
សៀមរាប៖ សាលាបឋមសិក្សាវត្ដបូព៌ ខេត្ដសៀមរាប និងអង្គការក្រៅរដ្ឋាភិបាលអេដ អេ អាក់ស្យុងកម្ពុជា បាននាំគ្នាធ្វើប្រារព្ធ ទិវាអន្ដរជាតិនៃការអប់រំ លើកដំបូងនៅខេត្ដសៀមរាបប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្ដដល់គ្រូបង្រៀននិងអរគុណដល់ការអប់រំ ឬការសិក្សារៀនសូត្រ ដែលថាវិស័យអប់រំនេះបានផ្ដល់អំណាចដល់មនុស្សជាតិ ការពារភពផែនដី កសាងវិបុលភាព និងជួយកសាង រក្សាសន្ដិភាពនៅលើពិភពលោក។ ការធ្វើទិវាលើកទីមួយនៅប្រទេសកម្ពុជានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែមករាឆ្នំា២០២០នេះ ដែលរៀបចំដោយអង្គការ អេដ អេ អាក់ស្យុងកម្ពុជា ។
លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្ដបូព៌ ខេត្ដសៀមរាប លោកមានប្រសាសន៍ថា វិស័យអប់រំនៅលើពិភពលោក ជាពិសេសនៅប្រទេសកម្ពុជាមានការរីកចំរើនទៅមុខជាបន្ដបន្ទាប់ ដែលលោកថាការវិវត្ដន៍ទៅមុខនេះ ដោយសារមានការចូលរូមគាំទ្រពីម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន លោកគ្រូងអ្នកគ្រួ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ដទុកដាក់អោយមានការអប់រំ ប្រកបដោយភាពល្អប្រសើរមិនឈប់ឈនាពេលកន្លងមកនេះ។
លោកនាយកសាលា ដែលមានកេរិ៍ឈ្មោះល្បីរូបនោះបានបន្ដទៀតថា ទិវានេះមានសារៈសំខាន់ណាស់និងជាលើកទី១នៅកម្ពុជា ព្រោះមានសិស្សជាច្រើនពាន់នាក់ បានចូលរួមអរគុណដល់ការអប់រំ អរគុណដល់ការសិក្សារៀនសូត្រ។លោកបានបន្ថែមថា វិស័យអប់រំ បានធ្វើអោយមានអ្វីៗគ្រប់យ៉ាងនៅលើពិភពលោក ការសិក្សារៀនសូត្រ ផ្ដល់អំណាចដល់មនុស្សជាតិគ្រប់រូប មានការអប់រំ មានសន្ដិភាព ។ លោកបន្ថែមទៀតថា បើគ្មានការអប់រំនេះទេ គឺគ្មានសន្ដិភាព ។
លោក វន សំភាស់ នាយកប្រចាំប្រទេស នៃអង្គការ អេដអេអាក់ស្យុងកម្ពុជា បានមានប្រសាសន៍ថា ទិវាអន្ដរជាតិនៃការអប់រំនេះ ជាការដាស់ស្មារតី ក៍ដូចចង់អោយអ្នកពាក់ព័ន្ធ ជាពិសេសអានាព្យាបាលសិស្សានុសិស្ស ដើម្បីធ្វើយ៉ាងណាអោយពួកគាត់យកចិត្ដទុកដាក់លើវិស័យអប់រំអោយបានគ្រប់គ្នានៅទូទាំងប្រទេសកម្ពុជា ព្រោះវិស័យអប់រំនេះជាចំណែកមួយមានឥទ្ធិពលដល់សង្គមជាតិ ហើយការអប់រំជាការងារយើងទាំងអស់គ្នា។
លោកបានបន្ដថា ក្នុងរយៈពេលជាង៣ទស្សវត្សរិ៍កន្លងមកនេះ ពោលក្រោយពេលបញ្ចប់សង្គ្រាម វិស័យអប់រំនៅកម្ពុជាមានភាពរីកចំរើននិងមានការអភិវឌ្ឍន៍ជឿនលឿនគួរអោយចាប់អារម្មណ៍ដែលលោកថា បច្ចុប្បន្ននេះ កម្ពុជាមានសាលារៀនរីកដុះដាលគ្រប់ទីកន្លែង។ជាងនោះទៅទៀតវិស័យអប់រំនេះ បានធ្វើអោយប្រទេសជាតិមានការប្រែប្រួលទៅមុខឥតឈប់ឈ ទាំងសង្គមសេដ្ឋកិច្ច សេដ្ឋកិច្ចក្នុងសង្គមគ្រួសារ ដែលធ្វើអោយមានការទទួលស្គាល់ពីបណ្ដាប្រទេសមហាអំណាច នៅលើពិភពោលោកទទួលស្គាល់ផងដែរ។
លោកបានបន្ដទៀតថា មនុស្សគ្រប់រូបមានសុខសន្ដិភាព មានការយោគយល់គ្នាចេះស្រលាញ់គ្នាដោយសារការអប់រំនេះ។
ទិវាអន្ដរជាតិនៃការអប់រំ ដែលធ្វើឡើងក្នុងសាលាបឋមសិក្សាវត្ដបូព៌នេះ បានដាក់បង្ហាញនូវបដាពាក្យអប់រំសំខាន់ៗជាច្រើន ដើម្បីអោយកុមារស្វែងយល់ពីតម្លៃនៃការអប់រំផងដែរ។
អត្ដន័យនៅលើពិដាទាំងនោះរួមមានដូចជា ការសិក្សារៀនសូត្រ ផ្តល់អំណាចដល់មនុស្សជាតិ ការសិក្សាសម្រេចបានមហិច្ឆតាអភិវឌ្ឍ មានជីវភាពសម្បូរសប្បាយ សុខភាពរឹងមាំ សុខុមាលភាពរស់នៅល្អ ជំនះការប្រកាន់រើសអើង ការអភិវឌ្ឍប្រកបដោយចីរភាព ទទួលបានសមភាពសង្គម អាចបន្តរៀនសូត្រពេញមួយជីវិត ជួយចែករំលែកដល់សង្គម ទទួលបានសមភាពសង្គមជាដើម៕ ដោយ ស៊ាន សុផាត