ភ្លើងបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ពីរខ្នង និងទ្រព្យសម្បត្តិបានរងការឆេះខ្ទេចអស់ទាំងស្រុង នៅក្នុងស្រុកសេសាន្ត ខេត្តស្ទឹងត្រែង !
ខេត្តស្ទឹងត្រែង៖ ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែលសាងសង់ឡើងអំពីឈើ និងមានរយៈពេលជាច្រើនឆ្នាំមកហើយនោះ ខណៈនេះបានរងការឆេះកំទេចក្លាយជាគំនរផេះ ដែលការឆាបឆេះនោះ ត្រូវគេបន្ទោសថា ម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្ន ហើយត្រូវគេរកឃើញថា ការឆេះផ្ទះទាំងពីរខ្នងនេះ បណ្តាលមកពីការឆេះឆ្លងពីភ្លើងនៅក្នុងចង្ក្រានផ្ទះបាយ។ ហេតុការណ៍នោះ បានកើតឡើងនៅម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី២៤មករាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
យោងតាមរបាយការណ៍ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំក្បាលរមាស បានបង្ហាញថា នៅម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី២៤មករានេះ មានគ្រោះមហន្តរាយអគ្គីភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងផ្ទះ ដោយ១ខ្នង សាងសង់ឡើងក្នុងទំហំទទឹង ១២ម៉ែត្រ និងបណ្តោយមានប្រវែង៧ម៉ែត្រកន្លះ « ៧,៥ ម៉ែត្រ » ដំបូលប្រក់ស័ង្កសី មានក្បាច់ម៉ូដ២ខ្នង ក្រាលក្តា ជញ្ជាំងបាំងក្តា និងមួយខ្នងទៀត សាងសង់ឡើងក្នុងទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ៥កន្លះ « ៥,៥ ម៉ែត្រ » ជាប្រភេទផ្ទះទៀម ដំបូលប្រក់ស័ង្កសី ក្រាលក្តា និងជញ្ជាំងបាំងក្តា ផ្ទះនេះបានសាងសង់ឡើងជាយូរឆ្នាំមកហើយ។
របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុដែលនាំអោយភ្លើងឆាបឆេះផ្ទះទាំងពីរខ្នងនេះ គឺដោយសារម្ចាស់ផ្ទះ យកកូនទៅពេទ្យ ហើយខ្វះការប្រុងប្រយ័ត្ន មិនបានពន្លត់ភ្លើងចង្ក្រាននៅផ្ទះបាយ ទើបបណ្តាលអោយមានការរាលដាលឆ្លងឆេះផ្ទះអស់យ៉ាងនេះ។ ចំណែក ទ្រព្យសម្បត្តិនៅក្នុងផ្ទះ បានរងការឆេះខ្ទេសអស់ទាំងស្រុង បើទោះបីជាអាជ្ញាធរ កងកម្លាំងទាំង៣ រួមជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះ បានចុះជួយពន្លត់ភ្លើងនោះ យ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី។
អភិបាលស្រុកសេសាន្ត លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរស្រុក លោកបានសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ទីជម្រក រហូតដល់ទៅ២ខ្នងផ្ទះ រួមទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ដាច់ស្រយាល ពីទីប្រជុំជនក្នុងពេលនេះ។
លោកបន្តថា ក្រោយឧបទ្ទវហេតុគ្រោះអគ្គីភ័យ លោកបានគៀងគរសប្បុរសជន ហើយបាននាំយកនូវស្បៀងអាហារ រួមនឹងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះនេះ។ លោក សុវណ្ណ ពិសេដ្ឋ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកសេសាន្តទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះគ្រោះអគ្គីភ័យ ដែលអាចកើតឡើងបាន នូវគ្រប់ពេលវេលា ព្រោះរដូវនេះជារដូវរាំងស្ងួត និងជារដូវធ្លាក់ខ្យល់ទៀតផង៕ធ.ដ
ដោយ៖ឡុង សំបូរ