រដ្ឋាភិបាលចិនត្រៀមប្រាក់១ពាន់លានយ័នដល់ខេត្តហ៊ូប៉ី ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមថ្មី
ចិន៖ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសត្រៀមថវិការចំនួន១ពាន់លានយ័ន ឬស្មើនឹងប្រមាណជាង១៤៤លានដុល្លារអាមេរិក ដើម្បីជាជំនួយសង្គ្រោះដល់ខេត្តហ៊ូប៉ី ដែលកំពុងទទួលរងការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃវីរុសខូរ៉ូណាប្រភេទថ្មី ។
ថវិការជំនួយខាងលើនេះ ត្រូវបានប្រកាសឱ្យដឹងស្របពេលដែលតួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារវីរុសផ្លូវដង្ហើមថ្មីបានបន្តកើនឡើងដល់២៥នាក់ ខណៈដែលមនុស្សឆ្លងវីរុសនេះ ក៏បានស្ទុះឡើងដល់៨៣៥នាក់ផងដែរ ។ ហើយមកទល់នឹងពេលនេះ វីរុសកូរ៉ូណាប្រភេទថ្មីនេះ បានរីករាលដាលដល់ប្រទេសចំនួន៨ហើយ ក្នុងនោះរួមមាន ចិន កោះតៃវ៉ាន់ ថៃ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក សិង្ហបុរី និងវៀតណាម ។
ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា វាដូចជាលឿនពេកហើយ ក្នុងការប្រកាសចាត់ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនជាការព្រួយបារម្ភថ្នាក់អន្តរជាតិ តាមរយៈការប្រកាសភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនោះ ។ ប៉ុន្តែជាមួយគ្នានេះ អង្គការអង្គការសុខភាពពិភពលោក ក៏បានព្រមានដែរថា ចំនួនករណីឆ្លងអាចនឹងផ្ទុះឡើងកាន់តែច្រើន ខណៈវីរុសថ្មីនេះនៅតែស្ថិតក្រោមភាពអាថ៌កំបាំងនៅឡើយ ៕ធ.ដ