គណបក្សប្រជាធិបតេយ្យចោទថា លោក ដូណាល់ ត្រាំ បានរំលោភអំណាចប្រធានាធិបតីជាញឹកញាប់ និងជាក់ស្តែង
សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តបក្សប្រជាធិបតេយ្យអាមេរិកនៅថ្ងៃទី២៣ ខែមករានេះ បានចោទប្រកាន់លោក ដូណាល់ ត្រាំ អំពីការរំលោភអំណាចប្រធា នាធិបតីជាញឹកញាប់ និងជាក់ស្តែង ហើយថា អំពើទាំងនេះជាសកម្មភាព ឧក្រិដ្ឋធ្ងន់ធ្ងរ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យដកចេញពីដំណែង ។
សមាជិកសភាម្នាក់ដែលកាត់ទោសលោក ដូណាល់ ត្រាំ នៅឯសវនការជំនំជម្រះរឿងចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងរបស់ព្រឹទ្ធសភា លោក Jerrold Nadler បានប្រាប់សមាជិកព្រឹទ្ធសភាចំនួន១រយរូប ដែលធ្វើជាគណៈវិនិច្ឆ័យនៅក្នុងរឿងក្តីថា ការខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីធ្វើឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលោក ចូ បៃដិន ដែលជាគូប្រជែងដ៏សំខាន់ម្នាក់របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ បានបង្ហាញឲ្យឃើញនូវអ្វីដែលអ្នកបង្កើតប្រទេសអាមេរិកមានការភ័យខ្លាចបំផុត ។
បន្ថែមលើនេះ លោក Nadler បានហៅសំណើរបស់លោក ត្រាំ ឲ្យអ៊ុយក្រែនស៊ើបអង្កេតលោក បៃដិន ថា ជាដំណើរការបោះឆ្នោតដ៏អាក្រក់បំផុតមួយ ដែលបានកើតមានឡើងស្របពេលលោក ត្រាំ បានផ្អឹបជំនួយយោធាដែលមានទឹកប្រាក់ចំនួន៣៩១លានដុល្លារឲ្យទៅរដ្ឋាភិបាលអ៊ុយក្រែនដែលចង់បានជំនួយនោះដើម្បីប្រយុទ្ធនឹងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន ។ លោក Nadler បានពណ៌នាទៀតថា នេះមិនមែនជាសកម្ម ភាពដើម្បីផលប្រយោជន៍អាមេរិកមុនទេ វាជាសកម្មភាពដើម្បីផលប្រយោជន៍លោក ដូណាល់ ត្រាំ មុនប៉ុណ្ណោះ ៕ធ.ដ