សហរដ្ឋអាមេរិកព្រមានថា មេទ័ពអ៊ីរ៉ង់ថ្មីនឹងជួបវាសនាដូចលោក សូឡៃមេនី បើហ៊ានសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិក
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ អំឡុងបទសម្ភាសន៍មួយជាមួយកាសែត Asharq al-Awsat នៅឯវេទិការសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស តំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក ប៊ីរយ៉ាន ហ៊ុក បានព្រមានថា មេទ័ពអ៊ីរ៉ង់ថ្មីនឹងមានវាស នាដូចលោក កាស្សេម សូឡៃមេនី បើហ៊ានសម្លាប់ពលរដ្ឋ ឬ កងទ័ពអាមេរិក ។
នាឱកាសនោះ លោក ប្រ៊ីយ៉ាន ហ៊ុក បានសង្កត់ធ្ងន់ថា ប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរាល់ការវាយប្រហារលើពលរដ្ឋអាមេរិក ឬកងទ័ពអាមេរិក ឬក៏ផលប្រយោជន៍អាមេរិក»។
សូមជម្រាបផងដែរថា ការព្រមានរបស់តំណាងពិសេសអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់បានតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាព ឃ្យូដស៍ ថ្មីរបស់អ៊ីរ៉ង់ ហើយលោក ហ្គាអានី ក៏បានស្បថដែរថា នឹងដើរតាមគោលនយោបាយរបស់អតីតមេដឹកនាំចាស់លោក សូឡៃមេនី ៕ធ.ដ