សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម W.Patrick Murphy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចសង្ឃឹមថា បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកក្នុងការពង្រឹងពង្រីក និងជំរុញឱ្យល្អប្រសើរឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្តម W.Patrick Murphy បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមពេលនេះ។ នេះគឺជាលើទី១ហើយ ដែលឯកឧត្តមបានមកព្រឹទ្ធសភា និងបានជួបសម្តេចប្រធានព្រឹទ្ធសភា ដើម្បីស្វែងយល់អំពី តួនាទី ភារកិច្ច សមត្ថកិច្ចរបស់ព្រឹទ្ធសភា ព្រមទាំងស្វែងយល់អំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តតាមរយៈស្ថាប័នព្រឹទ្ធសភា។

ឯកឧត្តម W.Patrick Murphy បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ សំដៅឱ្យព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិរបស់ខ្លួន។

ឯកឧត្តម W.Patrick Murphy បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា ក្នុងឱកាសខួបលើកទី៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឯកឧត្តម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាប្រារព្វពិធីខួបលើកទី៧០នេះ ដើម្បីបង្ហាញអំពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបឯកឧត្តម W.Patrick Murphy អំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយខ្ជាប់ខ្ជួន ស្របតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា តាមដំណាក់កាលនីមួយៗ។ សម្តេចបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័ន ជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តម និងស្ថានទូតអាមេរិក ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចសូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងជូនពរឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត។ សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner