អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បាននាំយកថវិកា​ រួមទាំងគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់មិញនេះ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ សកម្មភាពដ៏រស់រវើករបស់ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ទាំងពេលកន្លងមក និងនៅគ្រាបច្ចុប្បន្ន ត្រូវគេឃើញ បានធ្វើឲ្យមានការទាក់ទាញចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក អ្នកតំណាងរាស្ត្រ តែងចុះមកជួប សួរសុខទុក្ខ និងបរិច្ចាគធនធានជូនពួកគាត់ដោយផ្ទាល់ ក្នុងន័យគ្រួសារតែមួយ។

ក្រោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលពីយប់មិញ នៅម៉ោងប្រមាណជាង ១១ថ្ងៃត្រង់ថ្ងៃទី២៣មករាឆ្នាំ២០២០នេះ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានដឹកនាំមន្ត្រីក្រោមឧិវាទ និងមានការចូលរួមពីមន្ត្រីខេត្ត ក្រុង មន្ទីរពាក់ព័ន្ធ និងអង្គភាព នៃកងកម្លាំងទាំង៣ នាំយកថវិកា ៣លានរៀល ព្រមទាំងគ្រឿងបរិភោគ មួយចំនួន មកផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ មានមូលដ្ឋាននៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោក ឡូយ សុផាត បានមានប្រសាសន៍ សម្តែងនូវសមានចិត្តក្តុកក្តួល និងចូលរួមសោកស្តាយ ចំពោះការកើតឡើង នៃឧបទ្ទវហេតុគ្រោះអគ្គីភ័យឆេះផ្ទះ និងការបាត់បង់ទ្រព្យសម្បត្តិ អស់ទាំងស្រុងនៅក្នុងពេលនេះ។ លោក បានសន្យាថា នឹងបន្តជួយគៀងគរសប្បុរសជននានា ដើម្បីប្រមូលទាំងថវិកា គ្រឿងបរិក្ខាប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ មកជួយទំនុកបំរុងដល់គ្រួសាររងគ្រោះ ដោយគ្រោះអគ្គីភ័យនេះ ជាបន្តទៀត។ រីឯ គ្រួសាររងគ្រោះ បានថ្លែងអំណរគុណ ដល់អ្នកតំណាងរាស្ត្រ អាជ្ញាធរខេត្ត ក្រុង និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបានជួយដោះទុក្ខធុរៈ នៅគ្រាដែលពួកគាត់ កំពុងប្រឈមនឹងខ្វះទីជម្រក ក៏ដូចជាខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងពេលនេះ។

សូមជម្រាបថា នៅម៉ោងប្រមាណជា ៥ និង៣០នាទីល្ងាច ថ្ងៃទី២២មករាឆ្នាំ២០២០ ផ្ទះបើកហាងលក់ទូរស័ព្ទមួយ មានតម្លៃច្រើនម៉ឺនដុល្លារ បានរងការឆាបឆេះដោយអគ្គីភ័យ ហើយភ្លើងបានលេបត្របាក់អស់ទាំងស្រុង ទាំងលំនៅដ្ឋាន និងទ្រព្យសម្បត្តិមានតម្លៃ បើទោះបីជាកម្លាំងសមត្ថកិច្ចទាំង៣ គឺកម្លាំងនគរបាល អាវុធហត្ថ និងកម្លាំងយោធាខេត្ត បូករួមទាំងប្រជាពលរដ្ឋ បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការចុះជួយបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ ដ៏សន្ធោរសន្ធៅនោះ ប៉ុន្តែ បើទោះជាខិតខំយ៉ាងណា ក៏ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិ នៅក្នុងផ្ទះនេះ បានរងការឆេះក្លាយជាគំនរផេះផង់អស់ទៅដែរ។

ជុំវិញការឆេះផ្ទះ បើកហាងលក់ទូរស័ព្ទ យីហោ « ហេង ហេង ប្រេន » នេះ ភ្នាក់ងារទូរទស្សន៍អប្សរា បានព្យាយាមទំនាក់ទំនងសាកសួរទៅ ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យខេត្តស្ទឹងត្រែង លោក ចាន់ សុផា លោកថា រហូតមកទល់នឹងពេលនេះ មន្ត្រីជំនាញ កំពុងចុះស្រាវជ្រាវ និងធ្វើកំណត់ហេតុនៅឡើយ។ ដូច្នេះ កម្លាំងនគរបាលជំនាញ នៅមិនទាន់ដឹងពីទំហំ នៃការខូចខាតផ្ទះសម្តែង និងទ្រព្យសម្បត្តិ របស់ជនរងគ្រោះដោយអគ្គីភ័យនេះនៅឡើយទេ។

ចំណែក មូលហេតុដែលនាំឲ្យកើតគ្រោះអគ្គីភ័យនេះ ក៏នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយដែរ ប៉ុន្តែ បើតាមការសន្និដ្ឋានជំហ៊ានដំបូង គឺ អាចបណ្តាលមកពីការដុតភ្លើងទុកចោលធូបនៅលើផ្ទះ។ រីឯ ស្ត្រីត្រូវជាបងស្រីម្ចាស់ផ្ទះ បានអះអាងថា ការឆេះផ្ទះនេះ បណ្តាលមកពីផ្ទុស្សេខ្សែភ្លើងចេញពីទូលក់ទូរស័ព្ទ។ ភាពប្រទាញប្រទង់គ្នា នៃចម្លើយនេះ គឺជាសមត្ថកិច្ច របស់សមត្ថកិច្ចជំនាញ ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប៉ុណ្ណោះ ដែលជាអ្នកវិច្ឆ័យ ៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner