បុរសម្នាក់ត្រូវបានឃាតករយកក្រម៉ារឹតកសម្លាប់ រួចដុតបំផ្លាញសាកសពយ៉ាងព្រៃផ្សៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានកម្មករសំណង់ម្នាក់ ទំនេពីការងារបានដើរទាក់លលក ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ត្រូវឃាតករដុតបំផ្លាញសាកសពយ៉ាងព្រៃផ្សៃ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃស្មៅដីម៉ុងខ្មោច ក្រោយវត្តតាភេម ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីម្សិលមិញ ម៉ោងប្រហែល១១៖០០ថ្ងៃត្រង់ គេឃើញជនរងគ្រោះខាងលើនោះ ដើរចូលទៅកន្លែងទីតាំងកើតហេតុ ដោយមានយួរស្រាបៀរ១ថង់ និងសាច់ក្លែមទៅជាមួយ ហើយមិនឃើញបុរសនោះត្រឡប់មកវិញឡើយ។ លុះព្រឹកមិញនេះ ក៏មានកម្មករសំណង់ម្នាក់បានដើរទាក់លលក ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អត់មានពាក់អាវស្លៀកតែខោ ដេកស្លាប់នៅក្នុងព្រៃស្មៅ ដោយសង្ស័យត្រូវបានឃាតក យកក្រម៉ារឹតកសម្លាប់ រួចដុតបំផ្លាញចោល ។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner