កម្ពុជាសម្ពោធ «វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ» នាចុងខែវិច្ឆិកា (Video Inside)
«វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ» គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាចុងខែវិច្ឆិកាខាងមុខ នេះ ក្រោយពិធីប្រគល់និងទទួលបានធ្វើប្រមាណជាងកន្លះខែមកនេះ។ អគ្គលេខាធិការគណៈកម្មាធិការជាតិ លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់បណ្តាញសារព័ត៌មានកាលពីម្សិលមិញ។
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ បានកើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោនាយករដ្ឋមន្ដ្រី និងប្រធានាធិបតីចិន លោក ស៊ី ជីងពីង ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ ប្រមាណ ១៥០លានដុល្លារអាមេរិក។
សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨ម៉ឺន ៦ពាន់ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី ហើយសមិទ្ធផលស្ដង់ដារអន្ដរជាតិនេះ នឹង ក្លាយជាទីតាំងដ៏សំខាន់ សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕