កងកម្លាំងអាមេរិក១១នាក់របួស ក្រោយការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកចំនួន២កន្លែងនៅអ៊ីរ៉ាក់
សហរដ្ឋអាមេរិក៖ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី០៨ ខែមករាកន្លងមកនេះ បានបណ្តាលឲ្យកងទ័ពអាមេរិកចំនួន១១នាក់រងរបួស ខណៈដំបូងឡើយ ទាំងខាងភាគីអាមេរិក និងអ៊ីរ៉់ាក់ផ្ទាល់បានអះអាងថា គ្មានទាហាន ឬជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធាមន្រ្តីអាមេរិក ។
អ្នកនាំពាក្យយោធាអាមេរិកនៅថ្ងៃទី១៦ខែមករានេះបានឲ្យដឹងថា កងទ័ព១១នាក់ដែលស្ថិតនៅមូលដ្ឋានទ័ព អេន អាល់អាស្សាដ ទើបតែត្រូវបានបញ្ជូនទៅកាន់អាល្លឺម៉ង់ និងគុយវ៉ែត ក្រោយពិនិត្យរកឃើញថា ពួកគេបានទទួលរងការប៉ះទង្គិចខួរក្បាល ដោយសារបន្ទុះនៃការវាយប្រហារដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់ ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ពីស្ថានភាពរបស់កងទ័ពអាមេរិកទាំងនោះឡើយ ប៉ុន្តែខាងយោធាអាមេរិកបានប្រាប់ថា ពួកគេនឹងត្រឡប់មកបំពេញកាតព្វកិច្ចនៅប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការពិនិត្យព្យាបាលរួចរាល់ ។
គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពពីរកន្លែងនៅអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិកឈរជើងនោះ គឺជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានទីក្រុងបាកដាដ កាលពីថ្ងៃទី០៣ ខែមករា ដែលបានផ្តាច់ជីវិតលោក កាស្សេម សូឡៃមេនី ដែលជាមេដឹកនាំកងអង្គភាពពិសេស Quds Force នៃកងកម្លាំងការពារបដិវត្តអ៊ីរ៉ង់ ៕ធ.ដ