ខេត្តព្រះវិហារ នឹងមានសារមន្ទីរមួយដ៏ថ្មីស្រឡាង សម្រាប់ផ្ទុកនូវវត្ថុមានតម្លៃនានា ទាក់ទងនឹងប្រវត្តិសាស្ត្រ បុរាណវិទ្យា សិល្បៈ និងវប្បធម៌ខ្មែរ ដល់សាធារណៈជនបានឃើញ ចូលទស្សនា និងចង់ធ្វើការសិក្សាស្រាវជ្រាវទុកជាឯកសារ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ សារមន្ទីរថ្មីមួយខ្នងនេះ នឹងចាប់ផ្តើមសាងសង់ក្នុងតម្លៃទឹកប្រាក់ច្រើនម៉ឺនដុល្លារ បន្ទាប់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំធ្វើពិធីក្រុងពាលីសាងសង់ កាលពីថ្ងៃទី១៦មករាម្សិលមិញនោះ ដែលមានមូលដ្ឋាន ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីក្រុងពាលី បើកការដ្ឋានសាងសង់សារមន្ទីរនោះ បានធ្វើឡើងក្រោមការបង្ហាញវត្តមានពី អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង ប្រធាន ស.ស.យ.ក ខេត្ត លោកយ៉ុង គឹមហ៊ាន រួមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងមន្ដ្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ជាច្រើនរូបទៀត ផងនោះដែរ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ លោក នៅ ចាន់គង់ បានថ្លែងថា អគារសារមន្ទីរមួយខ្នង ដែលធ្វើពិធីសែនក្រុងពាលី បើកឲ្យដំណើរការសាងសង់នៅក្នុងពេលនេះ គឺមានទំហំ ទទឹង ៥២ម៉ែត្រ និងបណ្ដោយ ១២ម៉ែត្រ ស្ថាបនាពីបេតុង និងដំបូលប្រក់ក្បឿង ដោយប្រើប្រាស់ថវិការរដ្ឋ ហើយសារៈមន្ទីរថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២២ ខាងមុខ។

លោក នៅ ចាន់គង់ បានបន្តថា ការសាងសង់សារមន្ទីរនេះឡើង ក្នុងគោលបំណងដើម្បីដាក់តាំងបង្ហាញ នូវវត្ថុដ៏មានតំលៃផ្នែកសិល្បៈ ប្រវត្ដិសាស្ដ្រ និងផ្នែកបុរាណវិទ្យា របស់ខ្មែរជាច្រើនប្រភេទ ដែលមាននៅក្នុងឃ្លាំងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារស្រាប់ ប្រមាណជា ៣០០ដុំ និងដើម្បីផ្ដល់ជូនសាធារណៈជន ទាំងជាតិ និងអន្ដរជាតិ បានចូលមកទស្សនា សិក្សាស្រាវជ្រាវ អំពីគុណតម្លៃ និងពីប្រវត្តិ នៃវត្ថុបុរាណនីមួយៗរបស់ខ្មែរ។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមស្ថាបនាសារមន្ទីរថ្មីនេះ ត្រូវយកចិត្តទុកដាក់ និងពន្លឿនលើការសាងសង់ឲ្យបានឆាប់ ហើយប្រកបដោយគុណភាព នៅក្នុងកម្រិតស្តង់ដា នៃសំណង់។ លោកស្រី សង្ឃឹមថា អគារសារៈមន្ទីរថ្មី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ នឹងក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងផ្ទុកទៅដោយឯកសារមានតម្លៃច្រើនប្រភេទ ទាក់ទងនឹងប្រវត្តិសាស្ត្រ បុរាណវិទ្យា សិល្បៈ និងវប្បធម៌ខ្មែរ ដល់សាធារណៈជនបានឃើញ ភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនា ហើយចង់សិក្សាស្រាវជ្រាវ និងធ្វើកំណត់ត្រាទុកជាឯកសារ៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner