សម្តេចក្រឡាហោម សង្ឃឹមថាកិច្ចសហប្រតិបត្តិការ ខេត្តបាត់ដំបង និងខេត្ត Ehimeជប៉ុននឹងនាំមកផលប្រយោជន៍ច្រើនសម្រាប់ខេត្តទាំងពីរ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹមថាកិច្ចសហប្រតិបត្តិការ ដែលឈានដល់ចុះអនុស្សរណៈ យោគយល់គ្នា រវាងខេត្តបាត់ដំបង និងខេត្ត Ehimeប្រទេសជប៉ុននឹងនាំមកនូវផលប្រយោជន៍ច្រើនសម្រាប់ខេត្តទាំងពីរ ។

ថ្លែងក្នុងឪកាសអនុញ្ញាតឱ្យឯកឧត្តម TOKIHIRO NAKAMURA អភិបាលខេត្ត EHIME ប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃនោះ សម្តេច ស ខេងលើកឡើងថា ថ្នាក់ដឹកនាំខេត្ត EHIME ប្រទេសជប៉ុន បានកសាងទំនាក់ទំនងយ៉ាងល្អជាមួយខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ មានក្រុមហ៊ុនជប៉ុនបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ដូចជាបានដាក់ទុន វិនិយោគផលិតស្រាធ្វើពីដំឡូងមីជាដើម។

សម្តេចបញ្ជាក់ថា ខេត្តបាត់ដំបង  ជាខេត្តមួយមានសក្តានុពលលើវិស័យកសិកម្ម ហើយតាមរយៈ កិច្ចសហប្រតិបត្តិការ ដែលឈានដល់ចុះអនុស្សរណៈ យោគយល់គ្នានេះនឹងធ្វើអោយ ខេត្តបាត់ដំបង និងខេត្ត Ehimeប្រទេសជប៉ុន កាន់តែមានទំនាក់ទំនងគ្នាល្អនាំមកនូវអត្ថប្រយោជន៍សំរាប់ប្រជាជនខេត្តទាំងពីរ ពិសេសនឹងមានការវិនិយោគពី   ជប៉ុនមកខេត្តបាត់ដំបងកាន់តែច្រើនថែមទៀត។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បន្ថែមថា ទំនាក់ទំនងដ៏ល្អនេះ មិនមែនតែរវាងខេត្តបាត់ដំបង និងខេត្ត EHIMEប្រទេសជប៉ុននោះទេ   វាគឺជាផ្នែកមួយនៃផ្លែផ្លាកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ។សម្ដេច ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនប៉ុន ដែលបានចូលរួមជួយជ្រោមជ្រែងការអភិវឌ្ឍកម្ពុជារហូតមក។

អភិបាលខេត្ត EHIME ប្រទេសជប៉ុន បានជម្រាបសម្ដេចក្រឡាហោមថា ប្រតិភូជប៉ុនដែលឯកឧត្តមបានដឹកនាំមកកម្ពុជានាពេលនេះ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត EHIME និងក្រុមអ្នកធុរកិច្ច   អ្នកជំនួញសំខាន់ៗប្រចាំខេត្ត EHIME  ហើយក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបានដឹកនាំប្រតិភូធ្វើដំណើរទៅទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាព និងសក្ដានុពលវិនិយោគនៅខេត្តបាត់ដំបង។
ឯកឧត្តមអភិបាលខេត្ត EHIMEជប៉ុនជម្រាបសម្ដេចទៀតថា  ប្រតិភូខេត្ត EHIME មានការចាប់អារម្មណ៍ណាស់ចំពោះខេត្តបាត់ដំបង ជាខេត្តធំ មានសក្ដានុពលដល់ដំណាំកសិកម្ម និងជាខេត្តជាប់ព្រំដែនមួយដែលមានក្រុមហ៊ុនជប៉ុនកំពុងវិនិយោគស្រាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner