ស្ថានទូតអាមេរិកគ្រោងសម្ពោធការិយាល័យកសិកម្មក្នុងប្រទេស (Video Inside)
ស្ថានទូតអាមេរិកគ្រោងនឹងរៀបចំសម្ពោធការិយាល័យកសិកម្ម US Department of Agriculture ក្នុងពេលឆាប់ៗ ខាងមុខនេះ។ មន្ត្រីស្ថានទូតបានថ្លែងថា ការិយាល័យកសិកម្មរបស់សហរដ្ឋអាមេរិកនោះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយ:ការបណ្តុះបណ្តាលធនធានមនុស្ស និងការ ផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។
គម្រោងសម្ពោធការិយាល័យ កសិកម្មនេះ បានបញ្ជាក់ឲ្យដឹងតាមរយៈរដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន ដែលបានជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy នៅថ្ងៃទី១៣តុលានេះ។ លោកឯកអគ្គរដ្ឋទូតបានប្រាប់រដ្ឋមន្ត្រី ក្រសួងកសិកម្មថា នាយិកាថ្មីនៃទីភ្នាក់ងារ USAID ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបំពេញការងារសម្រាប់ វិស័យកសិកម្ម និងរួមសហការបានល្អជាមួយក្រសួងកសិកម្ម ដើម្បីចូលរួមអភិ វឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមាន ការរីកចម្រើនប្រកបដោយ ចីរភាព និរន្តរភាព និងវិបុលភាព នាពេលអនាគត។
ក្នុងកិច្ចជួបពិភាក្សាដដែលនេះផងដែរ, ការជជែកបានផ្តោតលើគម្រោង Harvest 2 ទាក់ទងអនុវិស័យ សាកវប្ប កម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បី ជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជា។
លោករដ្ឋមន្ត្រីវេងសាខុន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ដោយលោកបញ្ជាក់ថា ប្រព័ន្ធនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែ ល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែរក្សា ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិត ប្រាកដ មួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ៕