រដ្ឋលេខាធិការក្រសួងកសិកម្មបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យកសិកម្មកម្ពុជា បានកំពុងមានសក្តានុពល កាលានុវត្តភាព និងឧត្តមភាព សម្រាប់ទីផ្សារផលិតផលកសិកម្ម និង វត្ថុធាតុដើមនៅក្នុងតំបន់ និងនៅលើពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២០ បានបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ , ឯកឧត្តម កុយ សង សមាជិកក្រុប្រឹក្សាខេត្ត ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត ដែលបានលើកឡើងពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនាពេលអនុវត្តកន្លងមក  ព្រមទាំងលើកនូវទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០រួចមក  ឯកឧត្តម ង៉ាន់ ភិរុណ  ក៏បានធ្វើការកោតសសើរ អំពីលទ្ធផលសម្រេចជោគជ័យក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឆ្នាំ២០១៩កន្លងទៅនេះគឺ ជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម ក្នុងកិច្ចសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត នាពេលកន្លងមក ។
ឯកឧត្តមបណ្ឌិត ណៅ ធួក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលមន្ទីរកសិកម្ម អនុវត្តបានក្នុងឆ្នាំ២០១៩មកនេះ ។ ឯកឧត្តមក៏បានលើកឡើងពីផលិតភាពកសិកម្ម  ដើមី្បបម្រើនូវតម្រូវការក្នុងប្រទេស និង ការនាំចេញ ព្រមទាំងធានានូវគុណភាព សុវត្ថិភាព តាមរយៈកាលលើកកម្ពស់ការផលិតស្បៀង និងបង្កើនតម្លៃបន្ថែម ក្នុងការពង្រីកការប្រកួតប្រជែងនៅទីផ្សារ ព្រមទាំងរក្សាតុល្យភាពនាការប្រើប្រាស់ដីកសិកម្ម និង ធានាការគ្រប់ គ្រងធនធានធម្មជាតិ ប្រកបទៅដោយនិរន្តរភាព ។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យកសិកម្មកម្ពុជា បានកំពុងមានសក្តានុពល កាលានុវត្តភាព និងឧត្តមភាព សម្រាប់ទីផ្សារផលិតផលកសិកម្ម និង វត្ថុធាតុដើមនៅក្នុងតំបន់ និងនៅលើពិភពលោក ដោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះដើម្បីឲ្យវិស័យកសិកម្មនេះមានការរីកចម្រើនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និង ចក្ខុវិស័យក្នុងការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់កំណើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពជូនប្រជាជន ។  ជារួមគោលដៅ អភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការ ប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព។
  ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកសិករត្រូវផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព គឺត្រូវឲ្យពួកគាត់ផ្លាស់ប្តូរនូវទម្លាប់ក្នុងការបង្កបង្កើនផល ដើមី្បឲ្យទទួលបានទិន្នផលខ្ពស់  ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើអង្គសន្និបាតទាំងមូល ត្រូវលើកយកនូវបញ្ហាដែលនៅតាមបណ្តាមូលដ្ឋានបានជួបប្រទះ យកមកធ្វើការពិភាក្សា ដើមី្បរឹះរកនិតិវិធី ក្នុងការដោះស្រាយ និងជាយន្តការមួយសម្រាប់យកទៅអនុវត្តឆ្នាំ២០២០នេះឲ្យទទួលបានជោគជ័យ ៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner