រដ្ឋបាលខេត្តបាត់ដំបង (កម្ពុជា) និង ខេត្តអិហ៊ិមិ (ជប៉ុន) បានចុះហត្ថលេខា លើពិធីសារនៃអនុស្ស រណៈយោគយល់គ្នា រវាង ខេត្តទាំង២ នៃ ប្រទេសទាំង២ ដើម្បីបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ របស់ខ្លួន
នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២០នេះ គណៈប្រតិភូខេត្តអេហិមិ នៃប្រទេសជប៉ុន បានដឹកនាំប្រតិភូរបស់ខ្លួនមួយក្រុម ដែលដឹកនាំដោយ ឯកឧត្តម
តូគីហ៊ីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហ៊ិមិ នៃ ប្រទេសជប៉ុន ក្នុងដំណើរដើម្បីបំពេញនូវទស្សនកិច្ចនៅខេត្តបាត់ដំបងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលនៃខេត្តទាំង២ បាត់ដំបង (ព្រះរាណាចក្រកម្ពុជា)និងអិហិមិ (ប្រទេសជប៉ុន) និង ពិធីចុះហត្ថលេខា នៅលើខ្លឹមសាររួម ជា៣ភាសា (ជប៉ុន-កម្ពុជា-អង់គ្លេស)នៃអនុស្សារណៈនិងការយោគយល់គ្នាដើម្បីបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពនិងកិច្ចសហប្រតិបត្តិការរវាង រដ្ឋបាលខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា និង ខេត្តអិហិមិ នៃ ប្រទេសជប៉ុន ក្នុងក្របខណ្ឌ លើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាង ខេត្តបាត់ដំបងនិងខេត្តអិហិម៌ ដែលបានប្រព្រឹត្តទៅ នៅសាលសន្និសីទមិត្តភាពបាត់ដំបង (សាលាខេត្តបាត់ដំបង)។
នៅក្នុងកិច្ចទទួលស្វាគមន៍ដ៏កក់ក្តៅ ចំពោះគណៈប្រតិភូខេត្តអិហ៊ិមិជប៉ុន ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់របស់គណៈប្រតិភូនិងពិធីចុះអនុស្សារណៈពេលនេះពិតជាមានសារៈសំខាន់ណាស់សំរាប់ខេត្តទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងគ្នាលើការងារពាណិជ្ជកម្ម កសិ-ឩស្សាហកម្ម ការវិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យា ធនធានមនុស្សនឹងការផ្លាស់ប្តូរព័ត៌មានឲ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍រួមគ្នារបស់ខេត្តទាំងពីរនិងដើម្បីឈានដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីព្រមទាំងផ្សាភ្ជាប់នូវទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន អោយកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម តូគីហិរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហ៊ិមិ នៃប្រទេសជប៉ុន ដែលបានដឹកនាំគណៈប្រតិភូខេត្តខ្លួនមកកាន់ខេត្តបាត់ដំបង ដើម្បីចូលរួមជាអធិបតី ក្នុងការចុះហត្ថលេខាលើខ្លឹមសារពិធីសារនៃអនុស្សារណៈនៃការយោគយល់គ្នា បង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងនិងខេត្តអិហ៊ិមិ នៅសាលាខេត្តបាត់ដំបងនិងបានវាយតម្លៃខ្ពស់
ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែងរបស់ប្រតិភូខ្លួន ក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហ៊ិមិ នៃព្រះរាជាណាចក្រជប៉ុន។
ខ្លឹមសារសង្ខេបនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងនោះរួមមាន៖
១៖ ភាគីទាំងពីរ នឹងបង្កើតនូវចំណងមិត្តភាពដោយឈរលើគោលការណ៍ស្មើភាពជឿជាក់ និងគោរពគ្នាទៅវិញទៅមក។
២៖ ភាគីទាំងពីរយល់ព្រមសហការ លើវិស័យពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូរអន្តរតំបន់ ដោយឈរលគោលការណ៍ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
៣៖ ភាគីទាំងពីរនឹងសហការគ្នា ជំរុញភាពជឿនលឿនលើវិស័យឧស្សាហកម្ម ដោយផ្តោតសំខាន់លើឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យានានារបស់ខេត្តអិហ៊ិមិ។
៤៖ ភាគីទាំងពីរនឹងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរ រវាង វិស័យឯកជន ដើម្បីជួយលើកទឹកចិត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម ការផ្លាស់ប្តូរធនធានមនុស្សនិងវិស័យពាក់ព័ន្ធផ្សេងៗដ៏ទៃទៀត នៅក្នុងខេត្តបាត់ដំបង និង ខេត្តអិហ៊ិមិ។
៥៖ ភាគីទាំងពីរនឹងសហការគ្នាធ្វើកិច្ចការដើម្បីសំដៅពង្រឹងការផ្លាស់ប្តូរព័ត៌មាន និង ធ្វើការរួមគ្នា ដើម្បីបង្កើត នូវ កាលានុវត្តភាព ពាណិជ្ជកម្ម ជំរុញអោយមានការផ្លាស់ប្តូរទៅវិញ ទៅមក និង កសាងនូវទំនាក់ទំនងកាន់តែជិតស្និទថែមទៀត រវាងខេត្តបាត់ដំបង និង ខេត្តអិហ៊ិមិ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )