រដ្ឋាភិបាលអូស្ត្រាលីប្រកាសផ្តល់ថវិកាបន្ថែមជិត៤០លានដុល្លារ ដើម្បីគំាទ្រដល់បណ្តាសហគមន៍រងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ
អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន និងរដ្ឋមន្ត្រីទទួលបន្ទុកសេវាសង្គម និងគ្រួសារ លោកស្រី អានណេ រ៉ាស្តុន នៅថ្ងៃទី១៥ ខែមករានេះបានប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែម៣៩.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់បណ្ដាសហគមន៍រងផលប៉ះពាល់ពីភ្លើងឆេះព្រៃដ៏អាក្រក់ ។
បើតាមការគ្រោងទុកនោះ កញ្ចប់ថវិកាទំាងនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្កើនប័ណ្ណទទួលម្ហូបអាហារមិនគិតថ្លៃ ជាការគាំទ្រដល់សេវាសង្គមនានា ព្រមទាំងការផ្ដល់ជំនួយហិរញ្ញវត្ថុដល់ប្រជាជនអូស្ត្រាលី ដែលកំពុងរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ជាពិសេសនៅរដ្ឋ New South Wales និងរដ្ឋ Victoria ។
សូមជម្រាបថា ភ្លើងឆេះព្រៃដែលបានឆាបឆេះចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះ បានឆក់យកអាយុជីវិតមនុស្ស២៨នាក់ បំផ្លាញផ្ទះសម្បែងច្រើនជាង២.៥០០ខ្នង ហើយសត្វអាចដល់ទៅជិតមួយពាន់លានក្បាល ត្រូវបានគេសន្និដ្ឋានថា បានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី ៕ធ.ដ